ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការភូតកុហក របស់អាមេរិក ដែលថា អ៊ីរ៉ង់ ជាប់ពាក់ព័ន្ធនៅក្នុង ជម្លោះអ៊ុយក្រែន

" "

តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោល ការអះអាងរបស់មន្ត្រីអាមេរិកថាជា “ការកុហក” អំពីការជាប់ពាក់ព័ន្ធ របស់អ៊ីរ៉ង់ នៅក្នុងជម្លោះអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យ របស់ក្រសួងលោក Nasser Kanaani បានសរសេរ នៅលើបណ្ដាញ Twitter ថា “ជាក់ស្តែង ការភូតកុហក និងការបោកប្រាស់ គឺឆ្លងរាលដាលក្នុងចំណោម អ្នកនយោបាយសហរដ្ឋអាមេរិក ដែលងាកទៅរកការប្រឌិត សម្រាប់អំពើអាក្រក់”។

" "

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន បានឲ្យដឹងកាលពីថ្ងៃពុធថា “ការធ្វើឱ្យរុស្ស៊ីកាន់តែស៊ីជម្រៅនូវសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ដើម្បីសម្លាប់ជនជាតិ អ៊ុយក្រែន គឺជាអ្វីដែលពិភពលោក ទាំងមូលគួរតែមើល និងមើលឃើញថា ជាការគំរាមកំហែង យ៉ាងជ្រាលជ្រៅ” ។

" "

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក ក៏បានចោទប្រកាន់អ៊ីរ៉ង់ថា មានគម្រោងផ្តល់ឲ្យរុស្ស៊ី នូវយន្តហោះដ្រូនប្រយុទ្ធ ដែលអាចប្រើប្រាស់ ក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលជាការចោទប្រកាន់ ដែលត្រូវបានបដិសេធ ដោយទីក្រុងតេអេរ៉ង់។

លោក Kanaani ក៏ បានថ្កោលទោសដែរថា ដំណើរទស្សនកិច្ច របស់លោក បៃដិន ទៅកាន់អ៊ីស្រាអែល គឺដើម្បី “ពង្រឹង ការគាំទ្ររបស់អាមេរិក ដោយគ្មានលក្ខខណ្ឌ” សម្រាប់អ៊ីស្រាអែល ។

នៅថ្ងៃដំបូងនៃដំណើរ ទស្សនកិច្ចថ្នាក់តំបន់របស់គាត់ លោក បៃដិន បានទៅដល់ប្រទេស អ៊ីស្រាអែល កាលពីថ្ងៃពុធសម្រាប់ការពិភាក្សា ស្តីពីការពង្រឹងទំនាក់ទំនងជាមួយទីក្រុង Tel Aviv ដែលនឹងត្រូវបន្តដោយដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top