ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តកុំឱ្យបង្កើតកំហុស នៅក្នុងតំបន់

" "

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា “កំហុស” ណាមួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្កវិបត្តិក្នុងតំបន់ នឹងទទួលបានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ពីអ៊ីរ៉ង់ ដែលនឹងធ្វើឱ្យពួកគេសោកស្តាយ។

លោក Raisi បានឲ្យដឹងក្នុងអំឡុងដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុង Kermanshah ភាគខាងលិចរបស់ប្រទេសអ៊ីរ៉ង់ថា “ជាអកុសល ប្រទេសមួយចំនួននៅក្នុងតំបន់ កំពុងឆ្លងកាត់អសន្តិសុខ និងអំពើភេរវកម្មពីលោកខាងលិច និងសហរដ្ឋអាមេរិកទៅកាន់តំបន់” ។

" "

លោក Raisi បានលើកឡើងថា “អ៊ីរ៉ង់មិនទទួលយកអសន្តិសុខ និងវិបត្តិនៅក្នុងតំបន់នោះទេ ហើយការប្រព្រឹត្តកំហុស ណាមួយនៅក្នុងតំបន់នេះ នឹងត្រូវបានឆ្លើយតបជាមួយនឹង ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងគួរឱ្យសោកស្តាយ”។

" "

ការកត់សម្គាល់របស់គាត់ បានកើតឡើងចំពេលដែល ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បំពេញទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់ រួមទាំងប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ដែលជាសត្រូវរបស់អ៊ីរ៉ង់ផងដែរ។ ដំណើរទស្សនកិច្ច របស់លោក បៃដិន ត្រូវបានគេចាត់ទុក យ៉ាងទូលំទូលាយថា មានគោលបំណងទប់ទល់ នឹងឥទ្ធិពលរបស់អ៊ីរ៉ង់ ក្នុងតំបន់។

លោក Raisi បានបន្ដថា អំណាច និងសមត្ថភាពយោធារបស់អ៊ីរ៉ង់ គឺជាការធានាសន្តិសុខសម្រាប់តំបន់ ដោយបន្ថែមថា អន្តរាគមន៍របស់ជនបរទេស រួមទាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់នឹងនាំទៅរកវិបត្តិ និងអសន្តិសុខតែប៉ុណ្ណោះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top