តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃសុក្រ បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលថា អ៊ីរ៉ង់ កំពុងផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះដ្រូន សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនថា “គ្មានមូលដ្ឋាន” និងមានហេតុផលនយោបាយ។
លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងការបរទេស បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានឲ្យដឹងថា “ព័ត៌មាន” បង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំផ្តល់ដល់ប្រទេសរុស្ស៊ី នូវយន្តហោះដ្រូនរហូតដល់រាប់រយគ្រឿង រួមទាំងយន្តហោះ ដែលមានសមត្ថភាពអាវុធផងដែរ។
អ្នកការទូតកំពូលអ៊ីរ៉ង់បានកត់សម្គាល់ថា ការចោទប្រកាន់បែបនេះ ដែលបានកើតឡើងនៅមុនដំណើរទេសចរណ៍មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលកំពុងបន្តគឺសំដៅ “សម្រេចបាននូវគោលដៅ និងគោលបំណងនយោបាយជាក់លាក់”។
លោក Amir-Abdollahian បានប្រាប់លោក Kuleba ថា “ដូចដែលយើងបាននិយាយនៅដើមដំបូងនៃវិបត្តិ (អ៊ុយក្រែន) យើងប្រឆាំងនឹងសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន យេម៉ែន ប៉ាឡេស្ទីន និងអ៊ុយក្រែនផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា

