បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង Vinnytsia ដែលស្ថិតនៅភាគកណ្តាលអ៊ុយក្រែន បានកំណត់គោលដៅនៃកិច្ចប្រជុំយោធាអ៊ុយក្រែន ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានបន្តស្វែងរកអ្នកនៅរស់រានមានជីវិតពីការវាយប្រហារនេះ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២៣ នាក់។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកំណត់គោលដៅកិច្ចប្រជុំរវាងមន្ត្រីកងទ័ពអាកាសអ៊ុយក្រែន និងអ្នកផ្គត់ផ្គង់សព្វាវុធបរទេស នៅផ្ទះរបស់មន្រ្តីនៅក្នុងទីក្រុង Vinnytsia ដែលជាអគារមួយដែលត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍វប្បធម៌ និងសង្គម។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថាកិច្ចប្រជុំនេះទាក់ទងនឹង “ការផ្ទេរយន្តហោះ និងអាវុធបំផ្លិចបំផ្លាញទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏ដូចជាការរៀបចំជួសជុលកងនាវាអាកាសចរណ៍អ៊ុយក្រែន” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ជាលទ្ធផលនៃការវាយប្រហារពីដែនអាកាសនេះ អ្នកចូលរួមកិច្ចប្រជុំត្រូវបានបំផ្លាញ»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុង គៀវ បានចោទក្រុងមូស្គូពីចេតនាវាយប្រហារជនស៊ីវិល ដោយរូបភាពមួយបង្ហាញពីក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់នៅក្នុងរទេះរុញក្នុងចំណោមអ្នកស្លាប់៕
ប្រែសម្រួលៈ ណៃ តុលា