គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានបញ្ជាក់នូវរបាយការណ៍ថា យន្តហោះដឹកទំនិញអ៊ុយក្រែន បានធ្លាក់នៅភាគខាងជើងប្រទេសក្រិក ដោយបានសម្លាប់សមាជិកនាវិកទាំង ៨ នាក់នៅលើយន្តហោះ។
សមាជិកនាវិកនៅលើយន្តហោះ Antonov An-12 គឺជាជនជាតិអ៊ុយក្រែន លោក Nikolenko បានឲ្យដឹងនៅលើ Facebook ដោយបន្ថែមថា យន្តហោះនេះ គឺជាជើងហោះហើរពាណិជ្ជកម្មនៅលើផ្លូវ Serbia-Jordan-Bangladesh ហើយកំពុងផ្ទុកទំនិញគ្រោះថ្នាក់។

រដ្ឋមន្ត្រីការពារជាតិស៊ែប៊ី លោក Nebojsa Stefanovic បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ការធ្លាក់យន្តហោះនេះបានកើតឡើងនៅជិតទីក្រុង Kavala របស់ប្រទេខក្រិក។
យោងតាមលោក Stefanovic យន្តហោះដឹកទំនិញដែលដំណើរការដោយអ៊ុយក្រែនបានដឹកសព្វាវុធប្រហែល ១១ តោន ជាពិសេសគ្រាប់មីន ទៅកាន់ប្រទេសបង់ក្លាដែស នៅពេលដែលវាបានធ្លាក់កាលពីយប់ថ្ងៃសៅរ៍។

អ្នកនាំពាក្យរបស់អ៊ុយក្រែន Nikolenko បានឲ្យដឹងថា ការស៊ើបអង្កេតបឋមបានរកឃើញថាមានការបរាជ័យនៅក្នុងម៉ាស៊ីនមួយរបស់យន្តហោះ ដែលទំនងជាបណ្តាលឱ្យធ្លាក់។
ក្រុងគៀវ បានបង្កើតទីស្នាក់ការកណ្តាលប្រតិបត្តិការនៅស្ថានកុងស៊ុលអ៊ុយក្រែន នៅទីក្រុង Thessaloniki នៃប្រទេសក្រិកធំទីពីរ បន្ទាប់ពីឧបទ្ទវហេតុនេះ អ្នកនាំពាក្យរូបនេះបានបន្ថែមថា តំណាងស្ថានកុងស៊ុលអ៊ុយក្រែនបានទៅដល់កន្លែងធ្លាក់យន្តហោះរួចហើយ៕
ប្រែសម្រួល ឈូក បូរ៉ា
