តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានច្រានចោលការអះអាងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកជុំវិញសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា ជា “គោលនយោបាយបរាជ័យក្នុងការលើកកម្ពស់ការភ័យខ្លាចអ៊ីរ៉ង់” ដែលស្វែងរកការបង្កភាពតានតឹង និងវិបត្តិនៅក្នុងតំបន់។
លោក Nasser Kanaani បានលើកឡើងថា សុន្ទរកថាប្រឆាំងអ៊ីរ៉ង់របស់លោក ចូ បៃដិន ដែលត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក គឺជា “ផ្នែកនៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការញុះញង់ឱ្យមានការបះបោរ និងបង្កើតភាពតានតឹងនៅក្នុងតំបន់” ។
ដោយលើកឡើងពីកំណត់ត្រាខ្មៅងងឹតរបស់អាមេរិក និងប្រវត្តិសាស្រ្តនៃអរិភាពចំពោះប្រទេសដទៃទៀត លោក Kanaani បានកត់សម្គាល់ថា សហរដ្ឋអាមេរិក បានឈ្លានពាន និងកាន់កាប់ប្រទេសក្នុងតំបន់មួយចំនួន ហើយបានលក់អាវុធជាច្រើន ក៏ដូចជាកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋក្នុងតំបន់ជាបន្តបន្ទាប់។
លោក Nasser Kanaani បានបញ្ជាក់សារជាថ្មីអំពីគោលនយោបាយយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ក្នុងការស្វែងរកការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់តែគោលបំណងសន្តិភាពក្នុងក្របខ័ណ្ឌនៃច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិដោយលើកឡើងថា អ៊ីរ៉ង់ប្តេជ្ញាបន្តកិច្ចពិភាក្សា ស្តីពីការដកទណ្ឌកម្ម និងការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។
លោកបានសង្កត់ធ្ងន់លើគោលនយោបាយជាគោលការណ៍ និងស្ថាបនារបស់អ៊ីរ៉ង់ ក្នុងការស្វាគមន៍ការសន្ទនាជាមួយប្រទេសជិតខាង និងគំនិតផ្តួចផ្តើមក្នុងតំបន់ ដោយបង្ហាញក្តីសង្ឃឹមថា “រដ្ឋាភិបាលក្នុងតំបន់ត្រូវបានគេរំពឹងថានឹងចាត់វិធានការស្ថាបនា ដើម្បីគាំទ្រដល់សន្តិសុខសមូហភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍”៕
ប្រែសម្រួល ឈូក បូរ៉ា