ព័ត៌មានអន្តរជាតិ

Update ៖ EU សម្រេចផ្តល់កញ្ចប់ ជំនួយបន្ថែម៥០០លានអឺរ៉ូ ដល់អ៊ុយក្រែន

ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ បានយល់ព្រមផ្តល់ ជំនួយដល់អ៊ុយក្រែន បន្ថែមចំនួន៥០០លានអឺរ៉ូ ស្មើនឹងប្រមាណ៥០៧,៧លានដុល្លារអាមេរិក ជាជំនួយយោធា របស់សហភាពអឺរ៉ុប ។

លោក Josep Borrell តំណាង ជាន់ខ្ពស់របស់ EU ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានប្រាប់ដដល់សន្និសីទ សារព័ត៌មាននៅទីនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា កិច្ចការបរទេសថា រដ្ឋមន្ត្រីបានយល់ព្រមលើការ រឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី និងបិទចន្លោះប្រហោង ក្នុងវិធានការបច្ចុប្បន្ន ។

គួរបញ្ជាក់ថា ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការជជែកពិភាក្សាតាមវីដេអូ ស្តីពីការវិវត្តន៍ចុងក្រោយបំផុត របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ។

លោក Borrell បានថ្លែងថា រដ្ឋមន្ត្រីទាំងអស់ “យល់ព្រមជាឯកច្ឆន្ធ” លើតម្រូវការដើម្បីបន្តឈរយ៉ាង រឹងមាំជាមួយអ៊ុយក្រែន ។ វិភាគទានសរុបរបស់ប្លុក នៅក្នុងជំនួយយោធា ឥឡូវនេះមានចំនួន២,៥ពាន់លានអឺរ៉ូ ។

លោកបានបញ្ជាក់ថា រដ្ឋមន្ត្រីទាំងនោះក៏បានពិភាក្សា អំពីសំណើចុងក្រោយ របស់គណៈកម្មការអឺរ៉ុប ស្តីពីការហាមឃាត់ការ នាំចូលមាសរបស់រុស្ស៊ី និងការធ្វើវិសោធនកម្មការបន្ថែមទណ្ឌកម្ម ។ លោកបានបន្តថា ឯកអគ្គរដ្ឋទូតរបស់រដ្ឋ ជាសមាជិកនឹងពិភាក្សាអំពីវិធានការ នេះក្នុងសប្តាហ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top