ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បាញ់ផ្លោងគ្រាប់ មកលើទីប្រជុំមួយ នៅភាគខាងកើត អ៊ុយក្រែន ស្លាប់តិចបំផុត៦នាក់

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ថា កាលពីថ្ងៃចន្ទ មានការបាញ់ផ្លោង របស់រុស្ស៊ីមកលើទីប្រជុំជនមួយ នៅភាគខាងកើតអ៊ុយក្រែន បានសម្លាប់ មនុស្ស៦នាក់ ខណៈដែលរដ្ឋមន្ត្រីសហភាព អឺរ៉ុបជួបប្រជុំក្នុង ទីក្រុងប្រ៊ុចស៊ែល ដោយទទូចថា នឹងដាក់សម្ពាធទណ្ឌកម្ម របស់លោកខាងលិច មកលើក្រុងម៉ូស្គូកំពុងដំណើរការ ។

កាលពីល្ងាចថ្ងៃអាទិត្យ លោក Volodymyr Zelenskyy ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន បានតែងតាំងប្រធានសន្តិសុខស្តីទី ដោយបានប្រកាសពីការព្យួរ មន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់ ។

ក្រុមអ្នកជួយសង្គ្រោះកំពុងជីក យកកម្ទេចកម្ទី និងបោសសម្អាតកម្ទេចកម្ទីពីអគារ២ជាន់ ដែលបានដួលរលំនៅ Toretsk ភាគខាងកើតឧស្សាហកម្ម ដែលត្រូវបានវាយប្រហារ ដោយកាំភ្លើងធំរុស្ស៊ី កាលពីព្រឹកថ្ងៃចន្ទ ។

អ្នកស្រុក Nadia បានប្រាប់អ្នកកាសែត AFP ទាំងញ័រខ្លួនថា “ខ្ញុំបានបើកបង្អួចរបស់ខ្ញុំ ។ មានការផ្ទុះដ៏ធំមួយនៅម៉ោងប្រហែល៥ព្រឹក” ។

សេវាសង្គ្រោះបន្ទាន់បានលើកឡើងថា មនុស្ស៥នាក់ត្រូវបានទាញស្លាប់ពី គំនរបាក់បែក ចំណែកអ្នកស្លាប់ទី៦ ដែលរបួសធ្ងន់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

ក្រុង Toretsk ជាទីក្រុង ដែលមានប្រជាជនប្រហែល៣០.០០០នាក់ ស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Kramatorsk ដែលជាគោលដៅសំខាន់ សម្រាប់កងកម្លាំងរុស្ស៊ី ដែលបានលុកលុយអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top