ព័ត៌មានអន្តរជាតិ

រលកកំដៅខ្លាំង សម្លាប់មនុស្ស៥១០នាក់ មកហើយក្នុង ប្រទេសអេស្បាញ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សប្រមាណជា៥១០នាក់ ដែលបានបាត់បង់ជីវិត ដោយសារព្យុះកំដៅខ្លាំង នៅក្នុងប្រទេសអេស្បាញ កាលពីសប្តាហ៍កន្លងមកនេះ និង ក៏ជាសប្តាហ៍ដំបូង នៃគ្រោះធម្មជាតិនេះ ផងដែរ ដោយក្នុងនោះសីតុណ្ហភាព បានកើនឡើងទៅដល់៤៥អង្សារ ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួង សុខាភិបាល ដោយអះអាងថា ហេតុការណ៍នេះគិតចាប់រាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដាប៉ុណ្ណោះ ហើយគិតត្រឹមមួយថ្ងៃ កាលពីថ្ងៃអាទិត្យ មនុស្សស្លាប់ដោយសារ កំដៅមានការកើនឡើង ដល់ទៅ១៥០នាក់ ។

របាយការណ៍បានបង្ហាញថា ការវាយប្រហារដោយរលកកំដៅ បានធ្វើឲ្យមនុស្សស្លាប់ កើនឡើង៤ដង ក្នុងរយៈពេល៤ថ្ងៃដំបូង ពី១៥ទៅ៦០នាក់ចន្លោះ ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែកក្កដា ហើយបន្តឡើង ដល់ទៅ៦៣នាក់ ក្នុងថ្ងៃព្រហស្បតិ៍ និង១២៣នាក់គិតត្រឹម ថ្ងៃសុក្រមុនពេលដែលវាឡើង ដល់ទៅ១៥០នាក់នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួននៃអ្នកស្លាប់ នឹងបន្តកើនឡើងថែមទៀត ហើយជាពិសេសមនុស្សចាស់ៗ ពីព្រោះថាក្នុងចំណោម ៥១០នាក់នោះ មាន៣២១នាក់ សុទ្ធតែជាអ្នកមាន អាយុលើសពី៨៥ឆ្នាំហើយ ១២១នាក់ទៀតចន្លោះ ពីអាយុ៧៥ទៅ៨៤និង៤៤នាក់ ចន្លោះពីអាយុ៦៥ទៅ៧៤ឆ្នាំ ៕

ប្រែសម្រួល៖ស៊ុនលី

To Top