ម៉ូស្គូ៖ តុលាការនៅទីក្រុងមូស្គូ បានសម្រេចកាលពីថ្ងៃច័ន្ទដើម្បីពិន័យក្រុមហ៊ុន Google LLC ចំនួន ២១,០៧៨ពាន់លានរូបល (ប្រហែល ៣៦៩ លានដុល្លារអាមេរិក) សម្រាប់ការខកខានម្តងហើយម្តងទៀតក្នុងការលុបមាតិកា ដែលហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី។
ការផាកពិន័យផ្នែករដ្ឋបាលមានចំនួនមួយភាគដប់នៃប្រាក់ចំណូលរបស់ Google និងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួន ដែលបានចុះបញ្ជីជាមួយអាជ្ញាធរពន្ធក្នុងប្រទេសរុស្ស៊ី។
សាលក្រមមិនទាន់ចូលជាធរមាននោះទេ ហើយអាចប្តឹងឧទ្ធរណ៍ក្នុងរយៈពេលកំណត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកឃ្លាំមើលទូរគមនាគមន៍ Roskomnadzor របស់រុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា YouTube ដែលគ្រប់គ្រងដោយ Google “ចូលរួមចំណែកក្នុងគោលបំណងក្នុងការចែកចាយព័ត៌មាន ដែលមិនគួរឱ្យទុកចិត្តអំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេសរុស្ស៊ី នៅអ៊ុយក្រែន សម្ភារៈផ្សព្វផ្សាយទស្សនៈជ្រុលនិយម និងមនោគមវិជ្ជានៃអង្គការភេរវករ” ក្នុងចំណោមផ្សេងៗទៀតកាលពីខែមុន។
កាលពីខែធ្នូ តុលាការក្រុងម៉ូស្គូ បានពិន័យក្រុមហ៊ុន Google ជាលើកដំបូងចំនួន ៧,២ពាន់លានរូបល (ប្រហែល ១២៦ លានដុល្លារអាមេរិក) សម្រាប់ការខកខានរបស់ខ្លួនក្នុងការលុបចោលព័ត៌មាន ដែលបានហាមឃាត់។
លើសពីនេះទៀត ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកត្រូវបានពិន័យជាប្រាក់ចំនួន ១៥ លានរូបល (ប្រហែល ២៦ ដុល្លារអាមេរិក) កាលពីខែមុន សម្រាប់ការបដិសេធម្តងហើយម្តងទៀតក្នុងការធ្វើមូលដ្ឋានីយកម្មទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា