ព័ត៌មានអន្តរជាតិ

លីបង់ ជំរុញ​ឲ្យ​អាមេរិក​បញ្ចប់ ​ការ​ចរចា​កំណត់​ព្រំដែន​ជាមួយ​អ៊ីស្រាអែល​ឲ្យ​ បាន​ឆាប់តាមដែលអាចធ្វើទៅបាន 

បរទេស៖ ប្រធានាធិបតីលីបង់ លោក Michel Aoun បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដំណើរការការសម្រុះសម្រួលរបស់ខ្លួន ក្នុងការចរចារកំណត់ព្រំដែនដោយប្រយោលរវាងលីបង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Aoun ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដែល​បាន​ឲ្យដឹងក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ប្រធានាធិបតីប្រទេស​លីបង់​ថា “វា​មិន​អាច​ទទួល​យក​បាន​ក្នុង​ការ​ពន្យារ​ពេល​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ឡើយ”។

លោក Aoun បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើឱ្យការសម្រុះសម្រួលរបស់អាមេរិក ដែលធ្វើឡើងដោយបេសកជនថាមពលអាមេរិក Amos Hochstein ដើម្បីឈានដល់ការសន្និដ្ឋានយ៉ាងរហ័ស ដែលលោកជឿជាក់ថានឹង “ធ្វើឱ្យប្រទេសលីបង់ ទទួលបានអត្ថប្រយោជន៍ពីប្រេង និងឧស្ម័ននៅក្នុងទឹករបស់ខ្លួន ខណៈពេលដែលរក្សាស្ថិរភាពនៅតាមព្រំដែនរបស់ខ្លួន”។

លោក Aoun បានធ្វើការកត់សម្គាល់ក្នុងជំនួបរបស់លោកជាមួយប្រធាន និងជានាយកប្រតិបត្តិនៃក្រុមការងារអាមេរិកប្រចាំប្រទេសលីបង់ Edward Gabriel ដើម្បីពិភាក្សាអំពីកិច្ចការនយោបាយ និងសេដ្ឋកិច្ចចុងក្រោយបង្អស់នៅក្នុងប្រទេស។

ប្រទេសលីបង់ និងអ៊ីស្រាអែល កំពុងជាប់គាំងនៅក្នុងជម្លោះព្រំដែនសមុទ្រដែលកាន់តែខ្លាំងឡើង បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជូននាវាដែលដំណើរការដោយក្រុមហ៊ុន Energean ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ទៅកាន់វាល Karish កាលពីថ្ងៃទី០៥ ខែមិថុនា។

បច្ចុប្បន្ន អាជ្ញាធរលីបង់ កំពុងស្វែងរកការស្តារឡើងវិញនូវកិច្ចចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ស្តីពីការកំណត់ព្រំដែនសមុទ្រ ដែលត្រូវបានផ្អាក បន្ទាប់ពីលីបង់បានពង្រីកការទាមទាររបស់ខ្លួននៅក្នុងដែនទឹក ដើម្បីរួមបញ្ចូលយ៉ាងហោចណាស់ផ្នែកមួយនៃតំបន់ប្រេង Karish៕ប្រែសម្រួល ឈូក បូរ៉ា

To Top