បាងកក៖ ចំនួនករណីធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងការស្លាប់ទាក់ទងនឹងមេរោគឆ្លង នៅក្នុងប្រទេសថៃបានកើនឡើងបន្តិច ដែលត្រូវបានជំរុញដោយទម្រង់ឆ្លងអូមីក្រុង និងថ្ងៃឈប់ សម្រាកដ៏វែងរបស់ប្រទេសនេះ។
លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ករណីធ្ងន់ធ្ងរ និងមនុស្សភាគច្រើនបំពាក់ដោយអ៊ុកស៊ីហ្សែន ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីបាងកក និងខេត្តជិតខាង។
លោកបានលើកឡើងថា ភាគច្រើននៃករណីថ្មីដែលបានរកឃើញកាលពីសប្តាហ៍មុន គឺស្ថិតក្នុងចំណោមក្រុម ដែលមានហានិភ័យខ្ពស់ រួមទាំងមនុស្សចាស់ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ ដែលក្នុងនោះភាគច្រើនមិនត្រូវបានចាក់វ៉ាក់សាំង ឬមិនបានចាក់វ៉ាក់សាំងពេញលេញ។
លោក Opas បានបន្ថែមថា បរិមាណខ្ពស់នៃការធ្វើដំណើរអន្តរខេត្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនាពេលថ្មីៗនេះ អាចនាំឱ្យមានការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ហើយទាមទារឱ្យមានការត្រួតពិនិត្យបន្ថែមទៀត។
គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃច័ន្ទបានអនុម័តថវិកាជិត ៤ពាន់លានបាត (ប្រហែល ១១០ លានដុល្លារអាមេរិក) សម្រាប់លទ្ធកម្មឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដើម្បីរៀបចំសម្រាប់ការផ្ទុះឡើងដែលអាចកើតមាន។
គួរបញ្ជាក់ថា ប្រទេសថៃកាលពីថ្ងៃចន្ទបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ចំនួន ១,៨១៤ ករណី និងអ្នកស្លាប់ចំនួន ១៧ នាក់ ដែលមិនរាប់បញ្ចូលអ្នកដែលបានធ្វើតេស្ដវិជ្ជមានជាមួយឧបករណ៍តេស្តអង់ទីហ្សែនរហ័ស៕