ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​សារភាព​ថា ខ្លួន​មិន​អាច​ផ្តល់​ច្រើន​ទៀត​ដល់​អ៊ុយក្រែននោះទេ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៊ែរឡាំងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ៊ុយក្រែននាពេលអនាគត ប៉ុន្តែទាក់ទងនឹងការផ្គត់ផ្គង់សព្វាវុធ គឺខ្លួនមិនអាច “ផ្តល់ឱ្យច្រើនទៀត នោះទេ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Mullheim ប្រទេសអាល្លឺម៉ង់លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែនអាចធានាបាននូវចេតនារបស់អាល្លឺម៉ង់ “ដើម្បីបន្តគាំទ្រពួកគេនាពេលអនាគត” ។ ដោយសង្កត់ធ្ងន់ថា អាល្លឺម៉ង់បានផ្តល់អាវុធធុនធ្ងន់ទំនើបៗមួយចំនួនដូចជា Panzerhaubitze 2000  អ្នកស្រី Lambrecht ក៏បាននិយាយថា លោកស្រីមានទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត និងស្ថាបនាជាមួយសមភាគីអ៊ុយក្រែនលោក Alexey Reznikov ។

រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះបាននិយាយទៀតថា “យើងមិនអាចផ្តល់ឱ្យច្រើនពី Bundeswehr (កងកម្លាំងអាល្លឺម៉ង់) បានទេ ខ្ញុំនឹងនិយាយឱ្យច្បាស់ ហើយសហការីរបស់ខ្ញុំដឹងអំពីរឿងនោះ” ។

កាលពីដើមខែនេះ លោកស្រី Lambrecht បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងបន្តគាំទ្រអ៊ុយក្រែន “ជាមួយនឹងអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន” ប៉ុន្តែមិនមែនដោយការចំណាយលើសមត្ថភាពការពារផ្ទាល់របស់ខ្លួននោះទេ។

សូមជម្រាបថា អាល្លឺម៉ង់​បាន​ផ្តល់​សព្វាវុធ​ជាច្រើន​ប្រភេទ​ដល់​អ៊ុយក្រែន ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​ការ​វាយលុក​របស់​យោធា​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​ជិតខាង​កាលពី​ចុងខែ​កុម្ភៈ៕ប្រែសម្រួល៖ ណៃ តុលា

To Top