ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សម្តែងការព្រួយបារម្ភ អំពីប្រតិបត្តិការយោធា ដែលអាចកើតមាន របស់តួកគី នៅក្នុងប្រទេសស៊ីរី

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសម្តែងការព្រួយបារម្ភ អំពីប្រតិបត្តិការយោធា ដែលអាចកើតមានដោយ ប្រទេសតួកគី នៅភាគខាងជើង ប្រទេសស៊ីរី។

លោក Amir-Abdollahian បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំចង់សង្កត់ធ្ងន់ថា នៅក្នុងការបន្ត នៃកិច្ចចរចាកាលពីយប់មិញ និងកិច្ចប្រជុំកំពូលត្រីភាគី (នៃប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងតួកគី) ថាយើងមានការព្រួយបារម្ភ អំពីលទ្ធភាពនៃការចូលយោធា តួកគីចូលទៅក្នុងទឹកដីស៊ីរី” ។

លោកបានលើកឡើងថា “យើងក៏សង្កត់ធ្ងន់ទៅលើដំណោះស្រាយ នៃបញ្ហាដែលនៅសេសសល់មួយចំនួន ក្នុងវិស័យជម្លោះភេរវករក្នុងប្រទេសស៊ីរី ដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់តួកគី ដោយបានគូសបញ្ជាក់ពី បូរណភាពទឹកដី និងការគោរពអធិបតេយ្យភាពជាតិ របស់ប្រទេសស៊ីរី”។

ដោយហៅវត្តមាន យោធាអាមេរិក នៅភាគខាងកើតនៃទន្លេអឺប្រាតថាជា “បញ្ហា” អ្នកការទូតកំពូល របស់អ៊ីរ៉ង់ បានជំរុញឱ្យមាន “ការដកទ័ពអាមេរិក ចេញពីប្រទេសស៊ីរី ដោយគ្មានលក្ខខណ្ឌ” ដោយសារតែកងទ័ពស៊ីរី មានសមត្ថភាព ចាំបាច់ក្នុងការរក្សាសន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួនហើយ”។

សម្រាប់ផ្នែករបស់លោកវិញ លោក Mekdad បានលើកឡើងម្តងទៀតនូវការប្រឆាំងរបស់រដ្ឋាភិបាលស៊ីរី ចំពោះ “ការជ្រៀតជ្រែករបស់តួកគី” នៅក្នុងកិច្ចការរបស់ប្រទេសស៊ីរី។

លោកបានលើកឡើងថា “វាមិនមែនជាផលប្រយោជន៍ របស់តួកគី ឬប្រទេសផ្សេងទៀត ដើម្បីចូលទៅក្នុងព្រំដែន នៃប្រទេសស៊ីរីនោះទេ ព្រោះវានឹងបណ្តាលឱ្យមានជម្លោះ រវាងរដ្ឋាភិបាល នៃប្រទេសស៊ីរី និងតួកគី និងប៉ះពាល់ដល់ប្រទេសជាមិត្ត និងបងប្អូននឹងគ្នា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top