ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាននាក់ មិនមែនជាទីបញ្ចប់នៃ” សោកនាដកម្ម របស់អាមេរិក”នោះទេ

យោងតាមទិន្នន័យស្ថិតិថ្មីបំផុត ដែលចេញផ្សាយ ដោយសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា គិតមកទល់វេលាម៉ោង ៦ និង ២១ នាទីនៅថ្ងៃទី ២១ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង នៅទូទាំងសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាន ១ ម៉ឺន ៣ ពាន់ ៤ រយនាក់និងករណីស្លាប់ សរុបលើសពី ១លាន ២ម៉ឺន៥ពាន់៦រយនាក់ ទិន្នន័យទាំងពីរនេះ សុទ្ធតែបានឈរ នៅលំដាប់ថ្នាក់ទី ១ លើទូទាំងពិភពលោក ។

បើនិយាយចំពោះសហរដ្ឋអាមេរិក តើករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាននាក់ វាបង្កប់អត្ថន័យយ៉ាងណា ? ពោល គឺ គិតជាមធ្យម ក្នុងចំណោមរាល់ជនជាតិ អាមេរិក ៣,៦ នាក់ ក៏មានម្នាក់ឆ្លងជំងឺកូវីដ ១៩ ដែរ ។ ប៉ុន្តែ សភាពការណ៍ជាក់ស្តែង ប្រហែលមានភាព កាន់តែធ្ងន់ធ្ងរទៅទៀត ។ អ្នកជំនាញ និង ប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ដោយសារជនជាតិ អាមេរិកជាច្រើននាក់ បាននិងកំពុងធ្វើ តេស្តរកវីរុស ដោយខ្លួនឯងនៅផ្ទះ ឬក៏មិនបានធ្វើតេស្ត ទាល់តែសោះ បានជាបណ្តាល ឱ្យករណីឆ្លងជំងឺកូវីដ ១៩ ដ៏ពិតប្រាកដក្នុងក្របខណ្ឌ ទូទាំងអាមេរិកមានលទ្ធភាព ត្រូវបានប៉ាន់ប្រមាណ ទាបយ៉ាងខ្លាំង ។

តាំងពីចូលឆ្នាំ នេះមក ករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅសហរដ្ឋអាមេរិកបានវាយទម្លុះ ៦០ លាននាក់ ៧០ លាននាក់ ៨០លាននាក់និង ៩០ លាននាក់ជា បន្តបន្ទាប់ ។ នៅពីក្រោយតួលេខដែលមានលក្ខណៈគ្រោះមហន្តរាយទាំងនេះ ជារឿងលម្អិតដ៏មានលក្ខណៈសោកនាដកម្មកាន់តែជាក់ស្តែង ពោលគឺ តាំងពីចូលឆ្នាំនេះមក នៅអាមេរិក បានរកឃើញកុមារលើសពី ៦ លាននាក់បានឆ្លងជំងឺកូវីដ ១៩ បច្ចុប្បន្ននេះ កុមារជាង ២៥ ម៉ឺននាក់នៅអាមេរិក បានក្លាយជា”កុមារ កំព្រាកូវីដ ១៩ ” ដោយសារកំព្រាឪពុកម្តាយ ឬអាណាព្យាបាលផ្សេងទៀត ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប្រហែលមានកុមារមួយ ជំនាន់ប្រឈមនឹងឧបសគ្គខាងផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ។ ទន្ទឹងមនឹងវីរុសកូវីដ ១៩ បម្លែងថ្មីប្រភេទ Omicron BA.5 និង BA.4 ពន្លឿនការចម្លងនៅទូទាំង ពិភពលោក តាមការប៉ាន់ប្រមាណ នឹងមានប្រជាជនអាមេរិកលើស ពីពាក់កណ្តាលរស់នៅតំបន់ ដែលមានហានិភ័យខ្ពស់ ។

គួររំលឹកថា ក្នុងនាមជាប្រទេស មហាអំណាចផុតលេខតែមួយគត់ នៅលើពិភពលោក សហរដ្ឋអាមេរិកបែរជាបានក្លាយជា “ប្រទេសទទួលបរាជ័យធំ ជាងគេក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩” ។ ភាពខុសគ្នា យ៉ាងខ្លាំងនេះ បានឆ្លុះបញ្ចាំងពីភាពជាប់គាំង នៃប្រព័ន្ធរបបនយោបាយ របស់អាមេរិកនិងការ គ្មានប្រសិទ្ធភាព នៃអភិបាលកិច្ច ប្រទេសជាតិ ហើយក៏បានឆ្លុះបញ្ចាំង ពីមុខមាត់ពិតប្រាកដ របស់អ្នកនយោបាយអាមេរិក ដែលតម្កល់ទុកផលប្រយោជន៍នយោបាយផ្ទាល់ ខ្លួនលើអាយុជីវិតរបស់ប្រជាជនផងដែរ ។

បច្ចុប្បន្ននេះ ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់អាមេរិកជិតចូលមកដល់ ការបដិបក្ខគ្នារវាងគណបក្ស ទាំងពីរក៏មានភាពកាន់តែខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រឈមនឹងបញ្ហាលំបាក់ ជាច្រើន ក្នុងស្រុកអាមេរិក ដូចជា អតិផរណាកើនឡើងយ៉ាងខ្លាំង និងករណីអំពើហិង្សា ដោយកាំភ្លើងកើតឡើងជាញឹកញាប់ជាដើម រដ្ឋាភិបាលអាមេរិកបាននិងកំពុងធ្លាក់ ក្នុងភាពជាប់គាំងទៅហើយ ហើយក៏កាន់តែមិនអាចរំពឹងទុកថា ពួកគេនឹងផ្តោតការយកចិត្ត ទុកដាក់ទៅលើការប្រយុទ្ធប្រឆាំង នឹង ការរីករាលដាល នៃជំងឺឆ្លងនោះដែរ ។ ប្រការទាំងនេះមុខ ជានឹងបណ្តាលឱ្យទិន្នន័យ អំពីការរីករាលដាល នៃជំងឺកូវីដ ១៩ បានកើនឡើងឥតឈប់ឈរ ជាក់ជាមិនខាន ចំណែកឯករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ៩០ លាននាក់គឺ មិនមែនជាទីបញ្ចប់នៃ”សោកនាដកម្មរបស់អាមេរិក”នោះឡើយ ។

ខណៈដែលករណីស្លាប់ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិក បានឡើងដល់ ១ លាននាក់ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ លោក ចូ បៃដិនប្រធានាធិបតី អាមេរិកបានពិពណ៌នាថា វាជា”កំណត់ត្រាសោកនាដកម្ម” មួយ ហើយបានដាស់តឿន ប្រជាជនអាមេរិក កុំឱ្យមានភាពព្រងើយកន្តើយ ចំពោះទឹកចិត្តក្រៀមក្រំបែបនេះ ។ អ្វីដែលគួរឱ្យអស់ សំណើចនោះ គឺ បច្ចុប្បន្ននេះ អ្នកដែលព្រងើយកន្តើយ មិនអើពើរនឹងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺឆ្លង គឺអ្នកនយោបាយ នៅទីក្រុងវ៉ាស៊ីនតោនហ្នឹងឯង ។ ប្រឈមនឹងអាយុជីវិត ដែលបាននិងកំពុងបាត់បង់ ទៅជាបន្តបន្ទាប់ និងក្រុមគ្រួសារ ជាច្រើនរាប់មិនអស់ ដែលបាន និងកំពុងបាត់បង់សាច់ ញាតិដោយសារជំងឺកូវីដ ១៩ ពាក្យស្លោកដែលហៅថា “ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស” ដែលពួកគេប៉ុនប៉ងវេចខ្ចប់ និងឃោសនាបំប៉ោងនោះ ត្រូវបានបង្ខូចយ៉ាងធ្ងន់ធ្ងរ ជាយូរមកហើយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top