ព័ត៌មានអន្តរជាតិ

Update៖ ទីបំផុត! អ៊ុយក្រែន និងរុស្ស៊ី ព្រមចុះហត្ថលេខាលើ កិច្ចព្រមព្រៀងគ្នានៅតួកគី ដើម្បីបើកការនាំចេញ គ្រាប់ធញ្ញជាតិឡើងវិញ

អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែន រុស្ស៊ី តួកគី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការ នាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ។

ប្រទេសតួកគី ដែលជាម្ចាស់ផ្ទះក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា ការផ្លាស់ប្តូរនេះនឹងបង្ហាញពី ជំហានដំបូងឆ្ពោះទៅរកការបន្ធូរបន្ថយ វិបត្តិស្បៀងអាហារអន្តរជាតិ ដែលកាន់តែធ្ងន់ធ្ងរឡើង ដោយការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅលើប្រទេសជិតខាងរបស់ខ្លួន ។

អង្គការសហប្រជាជាតិរំពឹងថា កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាត ឱ្យការនាំចេញគ្រាប់ធញ្ញជាតិ តាមរយៈសមុទ្រខ្មៅអាចដំណើរការ បានពេញលេញក្នុងរយៈពេល២-៣សប្តាហ៍ និងស្ដារការនាំចេញទៅកាន់កម្រិត មុនសង្គ្រាមចំនួន ៥លានតោនក្នុង១ខែ។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ២រូប បានលើកឡើងកាលពីថ្ងៃសុក្រ ។

គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន ស្ថិតក្នុងចំណោមប្រទេសនាំ ចេញអាហារលំដាប់កំពូលរបស់ពិភពលោក ហើយការឈ្លានពានរបស់ ទីក្រុងមូស្គូកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបិទកំពង់ផែអ៊ុយក្រែន ដោយបានជាប់គាំងកប៉ាល់រាប់សិបគ្រឿង ដោយបន្សល់ទុកគ្រាប់ធញ្ញជាតិ ២០លានតោន ជាប់គាំងនៅក្នុងស៊ីឡូ និងជំរុញឱ្យតម្លៃគ្រាប់ធញ្ញជាតិ ពិភពលោកកើនឡើង។

មន្ត្រីអង្គការសហប្រជាជាតិបានលើកឡើងថា ភាគីបានយល់ព្រមលើគ្រោងទូទៅ នៃគំនិតផ្តួចផ្តើមដូចជាកំពង់ផែដែលពាក់ព័ន្ធ ការបង្កើតមជ្ឈមណ្ឌល ត្រួតពិនិត្យនៅអ៊ីស្តង់ប៊ុល វិធីត្រួតពិនិត្យនាវាដែលពាក់ព័ន្ធ និងការកំណត់នៃផែនការ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top