បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា ករណីដំបូងនៃជំងឺអុតស្វាត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃឡង់ដ៏ ប៉ុន្តែអ្នកជំងឺជាបុរសជនជាតិនីហ្សេរីយ៉ាអាយុ២៧ឆ្នាំ បានបាត់ខ្លួនបន្ទាប់ពីទទួល បានដំណឹងពីលទ្ធផលតេស្តវិជ្ជមានរបស់គាត់កាលពីថ្ងៃចន្ទ ។
ករណីនេះត្រូវបានគេរកឃើញនៅលើកោះរមណីយដ្ឋានដ៏ ពេញនិយមភូកេតកាលពីចុងសប្តាហ៍មុន ពេលអ្នកជំងឺទៅមន្ទីរពេទ្យឯកជនមួយដែល មានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វា ។
យោងតាមមន្ត្រីសុខាភិបាល មន្ទីរពេទ្យបានយកសំណាកឈាមពីអ្នកជំងឺ និងធ្វើការវះកាត់ដើម្បីធ្វើតេស្តមន្ទីរពិសោធន៍កាលពីថ្ងៃសៅរ៍ ។ លទ្ធផលចេញជាវិជ្ជមានកាលពីល្ងាចថ្ងៃចន្ទ ។
“នៅថ្ងៃទី១៨ ខែកក្កដា វេលាម៉ោងប្រហែល៦ល្ងាច យើងបានដឹងពីលទ្ធផលពីការធ្វើតេស្តមន្ទីរពិសោធន៍លើកទី១ នៅសាកលវិទ្យាល័យ Chulalongkorn ។ លោកវេជ្ជបណ្ឌិត Koosak Kookiatkul ប្រធានការិយាល័យសុខភាពសាធារណៈភូកេត បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា បន្ទាប់ពីដឹងពីលទ្ធផល មន្ទីរពេទ្យបានហៅអ្នកជំងឺដើម្បីរៀបចំការផ្ទេររបស់គាត់សម្រាប់ការព្យាបាល ប៉ុន្តែគាត់បានបដិសេធ ហើយបិទទូរស័ព្ទរបស់គាត់” ។
យោងតាមប្រធានសុខាភិបាលភូកេត អ្នកជំងឺបានចូលប្រទេសថៃឡង់ដ៏នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយស្នាក់នៅក្នុងខុនដូមួយកន្លែងក្នុងទីក្រុង ប៉ាតុង ភូកេត តាំងពីខែវិច្ឆិកា។ គាត់តែងតែទៅលេងកន្លែងកម្សាន្តនានាក្នុងខេត្ត ។
បន្ទាប់ពីការទៅមន្ទីរពេទ្យរបស់គាត់នៅថ្ងៃទី១៦ ខែកក្កដាអ្នកជំងឺត្រូវបានណែនាំឲ្យនៅដាច់ដោយឡែកពីគេនៅផ្ទះល្វែងរបស់គាត់ ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមលោកវេជ្ជបណ្ឌិត Koosak ខ្សែវីដេអូទូរទស្សន៍បានបង្ហាញថា គាត់ចាកចេញពីកន្លែងស្នាក់នៅរបស់គាត់ បន្ទាប់ពីទទួលបានដំណឹងពីលទ្ធផលតេស្តវិជ្ជមាននៅថ្ងៃទី១៨ ខែកក្កដា ហើយបានចូលស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុង Patong នៅថ្ងៃដដែលនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា