បុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា បានឃើញនិន្នាការនៃ កើនឡើងនៃការឆ្លងជំងឺផ្តាសាយជ្រូក ដោយមានអ្នកស្លាប់ចំនួន ៧នាក់ និងករណីចំនួន១៤២ ត្រូវបានរាយការណ៍មក ទល់ពេលនេះក្នុងឆ្នាំនេះ ។
ក្នុងចំណោមអ្នកស្លាប់ទាំង ៧នាក់ មាន៣នាក់ត្រូវបានគេរាយការណ៍ថា នៅស្រុកកុលហាពួរ និង២នាក់នៅស្រុកពុន និងស្រុកថាន់ ។
ក្រុមមន្ត្រីបានឲ្យដឹងថា ទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ របស់ប្រទេសបានកត់ត្រា ករណីឆ្លងចំនួន៤៣ករណី បន្ទាប់មកស្រុកពុនមាន ២៣ករណី ។
មន្ត្រីឃ្លាំមើលរដ្ឋ Maharashtra លោក Pradeep Awate បានលើកឡើងថា “យើងកំពុងចាត់វិធានការសមស្រប ដើម្បីបង្កើនការឃ្លាំមើល ។ វិធានការបង្ការ និងត្រួតពិនិត្យកំពុងត្រូវបានអនុវត្ត” ។
ជំងឺផ្តាសាយជ្រូក គឺជាជំងឺផ្លូវដង្ហើមដែល បង្កឡើងដោយវីរុស H1N1។ វាប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ មនុស្សជាមួយនឹងសក្តានុពលនៃ ការចម្លងពីមនុស្សទៅមនុស្សផងដែរ ។
រដ្ឋចំនួន ២ផ្សេងទៀតនៃរដ្ឋ Uttar Pradesh របស់ឥណ្ឌានៅភាគខាងជើង និងរដ្ឋ Kerala នៅភាគខាងត្បូងក៏បានរាយការណ៍ អំពីករណីជំងឺផ្តាសាយជ្រូក នេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា