ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់កំហិត លើបេសកកម្មការទូត នៃប្រទេសអឺរ៉ុប ចំនួន ៥

ម៉ូស្គូ ៖ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសថា ប្រទេសរុស្ស៊ីបានពង្រីកបញ្ជីនៃ “ប្រទេសដែលមិន រួសរាយរាក់ទាក់” របស់ខ្លួន ពោលគឺដាក់កំហិត លើបេសកកម្មការទូត នៃប្រទេសអឺរ៉ុប ដោយក្នុងនោះ រួមបញ្ចូលក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាត និងស្លូវ៉ាគី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅ ត្រូវទទួលរងនូវកូតា ឬសូម្បីតែការហាមឃាត់ទាំងស្រុង នៅពេលដែលស្ថានទូត ស្ថានកុងស៊ុល និងស្ថាប័នរដ្ឋាភិបាលរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី ចង់ជួលបុគ្គលិកក្នុងស្រុក ។

រដ្ឋាភិបាលរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ឥឡូវនេះប្រទេសក្រិចមានដែនកំណត់ចំនួន ៣៤នាក់ ដាណឺម៉ាក ២០នាក់ ស្លូវ៉ាគី ១៦នាក់ ខណៈស្លូវេនី និងក្រូអាត នឹងមិនអាចជួលបុគ្គលិកនៅក្នុងបេសកកម្មការទូត និងការិយាល័យកុងស៊ុល របស់ពួកគេបាននោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ដែលធ្វើអត្ថាធិប្បាយសង្ខេប អំពីការសម្រេចចិត្ត របស់រដ្ឋាភិបាលថា “តាមធម្មជាតិ ការត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីប្រទេស ដែលមិនរួសរាយរាក់ទាក់ ធ្វើឱ្យមានការថយចុះ នៃកម្រិតទំនាក់ទំនងជាមួយរុស្ស៊ី” ។

នៅក្នុងនោះដែរ លោកមិនបានច្រានចោលថា ប្រទេស ដែលរងផលប៉ះពាល់ អាចនឹងប្រឈម នឹងផលវិបាកផ្សេងទៀត បន្ថែមលើការរឹតត្បិត លើការជ្រើសរើស បុគ្គលិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top