ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការ ត្រៀម ខ្លួន ជា ស្រេច ក្នុង ការ ចាប់ ផ្តើម ការ ចរចា ធ្វើឲ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ ជាមួយ អារ៉ាប៊ីសាអូឌីត

តេអេរ៉ង់៖ ទំព័រមុខរបស់អ៊ីរ៉ង់ (IFP) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian បានឲ្យដឹងថា ទាំងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានសម្តែងការត្រៀមខ្លួន ដើម្បីចាប់ផ្តើមកិច្ចចរចារបស់ពួកគេ លើកម្រិតនយោបាយ ដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។

លោក Amir-Abdollahian ត្រូវ បាន គេ ដក ស្រង់ សម្តី ថា មាន ការ វិវឌ្ឍ ខ្លះ ក្នុង ការ ចរចា ៥ជុំ កន្លង មក រវាង ភាគី ទាំង ពីរ នៅ អ៊ីរ៉ាក់ ដែល ត្រូវ បាន ធ្វើ ឡើង ជា ចម្បង នៅ កម្រិត សន្តិសុខ ពោល គឺ លើ បញ្ហា សន្តិសុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein នាពេលថ្មីៗនេះបានបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងរីយ៉ាដ សម្រាប់កិច្ចចរចាលើ “កម្រិតសាធារណៈ និងនយោបាយ” លោកបានបន្ថែមថា “យើងក៏បានសម្តែងការត្រៀមខ្លួន សម្រាប់ការចូលទៅក្នុងដំណាក់កាលនយោបាយនៃកិច្ចចរចា ដែលនឹងនាំទៅដល់ការស្តារឡើងវិញនូវទំនាក់ទំនងការទូតធម្មតារវាង អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់”។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានពន្យល់លម្អិតអំពីការជំរុញការទូតក្នុងតំបន់របស់ប្រធានាធិបតីលោក Ebrahim Raisi ដោយថា អារ៉ាប់រួម (UAE) និងគុយវ៉ែត ក៏បានសម្រេចចិត្តបញ្ជូនឯកអគ្គរដ្ឋទូតរបស់ពួកគេទៅកាន់ទីក្រុងតេអេរ៉ង់ផងដែរ។

លោកបានកត់សម្គាល់ថា បន្ទាប់ពីចូលកាន់តំណែងនៅឆ្នាំ២០២១ លោក Raisi បានប្រកាសពី “គោលនយោបាយអ្នកជិតខាងដំបូង” របស់លោក ដើម្បីធ្វើឱ្យសកម្មការទូតក្នុងតំបន់ និងបានខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់៕ប្រែសម្រួល ឈូក បូរ៉ា

To Top