ប៉េកាំង៖ រុស្ស៊ីនិងអ៊ុយក្រែន បានចុះហត្ថលេខា ដោយឡែកពីគ្នាក្នុងកិច្ចព្រមព្រៀង នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។
កិច្ចព្រមព្រៀងដែលហៅថា “គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ” ត្រូវបានចុះហត្ថលេខាដំបូងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ជាមួយសមភាគីតួកគីលោក Hulusi Akar និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងក្រោយមកដោយរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនលោក Oleksandr Kubrakov ជាមួយពីរភាគីផ្សេងទៀត។
អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា វានឹងអនុញ្ញាតឱ្យមានការនាំចេញអាហារពាណិជ្ជកម្ម និងជីយ៉ាងច្រើនពីកំពង់ផែសំខាន់ៗចំនួន៣ នៅក្នុងសមុទ្រខ្មៅគឺ Odessa, Chernomorsk និង Yuzhny ។
ច្បាប់ចម្លងនៃកិច្ចព្រមព្រៀង ដែលចេញផ្សាយដោយលោក Andrii Sybiha អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញថា កិច្ចព្រមព្រៀងនឹងមានប្រសិទ្ធភាពរយៈពេល ១២០ ថ្ងៃ ហើយអាចបន្តក្នុងរយៈពេលដូចគ្នា លុះត្រាតែភាគីចុះហត្ថលេខាណាមួយត្រូវបញ្ចប់។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ និងលើការជំរុញការនាំចេញអាហារ និងជីរបស់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា