តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីល្ងាចថ្ងៃអាទិត្យភ្នំភ្លើងមួយនៅលើកោះ Kyushu ភាគខាងលិចដ៏សំខាន់របស់ប្រទេសជប៉ុនបានផ្ទុះឡើង ដោយបញ្ចេញផ្សែងខ្មៅហុយឡើងលើអាកាស ប៉ុន្តែមិនមានការរាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសណាមួយឡើយ ហើយអាជ្ញាធរបានបញ្ជាក់ថា ពួកគេមិនរំពឹងថា នឹងមានគ្រោះមហន្តរាយធំដុំនោះទេចំពោះការផ្ទុះនេះ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA) បានឲ្យដឹងថា ភ្នំភ្លើងដែលត្រូវបានគេហៅថា Sakurajima និងស្ថិតនៅចុងភាគខាងត្បូងនៃកោះ Kyushu ក្បែរទីក្រុង Kagoshima បានផ្ទុះឡើងនៅម៉ោងប្រហែលម៉ោង៨និង០៥នាទីយប់ ។
មន្ត្រីទីភ្នាក់ងាររបស់ JMA បានលើកឡើងថា ថ្មភ្នំភ្លើងបានធ្លាក់នៅចម្ងាយ២,៥គីឡូម៉ែត្រពីភ្នំភ្លើង ។ លោកបានឲ្យដឹងទៀតថា កម្រិតប្រកាសអាសន្ននៃការផ្ទុះឡើងដល់៥ ដែលជាកម្រិតខ្ពស់បំផុត ដោយតំបន់មួយចំនួនត្រូវបានណែនាំឱ្យជម្លៀសចេញ ប៉ុន្តែមិនមានការផ្ទុះដ៏ធំត្រូវបានគេរំពឹងទុកនោះទេ ។
ភ្នំភ្លើង Sakurajima គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសជប៉ុន ហើយការផ្ទុះនៃកម្រិតផ្សេងៗគ្នាកើតឡើងជាទៀងទាត់។ នៅឆ្នាំ២០១៩ ភ្នំភ្លើងបានបញ្ចេញផេះកម្ពស់៥,៥គីឡូម៉ែត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា