បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការអះអាងប្រាប់ទៅកាន់ក្រុមកាសែត និងភាគីពិភាក្សាខាងអេហ្ស៊ីបថា រុស្សីមិនមែនជាអ្នកដែលបានរុញច្រាន ឲ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិស្បៀងអាហារនោះទេ។
ការចេញផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងទៀតដែរថាលោករដ្ឋមន្ត្រីនៅ ក្នុងសេចក្តីថ្លែងការណ៍នាទីក្រុង Cario បានសង្កត់ធ្ងន់ថាបណ្តាប្រទេស លោកខាងលិចកំពុងព្យាយាមបង្កាច់បង្ខូចព័ត៌មាន មិនពិតអំពីទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកគេសម្រាប់បញ្ហាសន្តិសុខស្បៀងរបស់ពិភពលោក។
លោករដ្ឋមន្ត្រីក៏បានធ្វើការចោទប្រកាន់ទៅ លើប្រទេសលោកខាងលិចផងដែរថា បានព្យាយាមដាក់ឥទ្ធិពលរបស់ខ្លួនឯងទៅលើបណ្តាប្រទេស ដទៃផ្សេងទៀតហើយវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅ លើពិភពលោក ជាពិសេសបច្ចុប្បន្នបណ្តាប្រទេសក្នុង តំបន់អាហ្វ្រិកនិងអារ៉ាប់ដែលទទួល រងគ្រោះខ្លាំងជាងគេ។
គួរឲ្យដឹងដែរថាលោករដ្ឋមន្ត្រី Lavrov នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ តំបន់អារ៉ាប់និងបណ្តាប្រទេសនៅអាហ្វ្រិកចំនួន៣ ទៀតដើម្បីធ្វើការថ្លែងការណ៍បញ្ជាក់ ពីជំហរបស់រុស្សីនិងការវិវត្តទៅ នៃសង្គ្រាមនៅអ៊ុយក្រែន
ដែលគ្រប់គ្នាកំពុងបន្តតាមដាន៕
ប្រែសម្រួល៖ស៊ុនលី