សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា បេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅប្រទេសឥណ្ឌូនេស៊ី និងសម្របសម្រួលការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ជំនួបរវាងលោក Kim Gunn អ្នកតំណាងពិសេសទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ និងតំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកូរ៉េខាងជើង លោក Sung Kim បានធ្វើឡើងកាលពីថ្ងៃសុក្រក្នុងទីក្រុងហ្សាកាតា ជាទីដែលអ្នកការទូតអាមេរិក មានតួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឥណ្ឌូនេស៊ីផងដែរ។
“នៅពេលដែលរដ្ឋាភិបាលរបស់យើងកំពុងបង្កើតផែនទីបង្ហាញផ្លូវគោលនយោបាយរបស់កូរ៉េខាងជើងនៅក្នុងការពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ និងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក មានការពិភាក្សាលម្អិត និងស៊ីជម្រៅលើផែនទីបង្ហាញផ្លូវនៅក្នុងកិច្ចប្រជុំចុងក្រោយរវាងកំពូលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
រដ្ឋបាល Yoon Suk-yeol បាននិងកំពុងរៀបចំ “ផែនការដ៏ក្លាហាន” ដើម្បីផ្តល់ជូនដល់ប្រទេសកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍ដែលខ្លួនចាត់វិធានការ ដើម្បីលុបបំបាត់នុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ផែនការនេះនឹងរួមបញ្ចូលការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច និងការធានាសន្តិសុខ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។ ជំនួបរបស់បេសកជននេះបានកើតឡើងប្រហែលពីរសប្តាហ៍បន្ទាប់ពីពួកគេបានជួបក្រៅកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសចំនួន ២០ នាក់នៅកោះបាលីរបស់ឥណ្ឌូនេស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា