ព័ត៌មានអន្តរជាតិ

ជប៉ុន ថ្កោលទោសមីយ៉ាន់ម៉ា ចំពោះកាត់ទោសប្រហារ ជីវិតសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ

តូក្យូ៖ ប្រទេសជប៉ុន បានបន្តការថ្កោលទោសមីយ៉ាន់ម៉ាជាថ្មី ខណៈដែលខ្លួនបានបញ្ចេញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យពីរនាក់នៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់របបយោធាបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះថា ការកាត់ទោសនេះ គឺផ្ទុយនឹង ‘ការដោះលែងអ្នកជាប់ឃុំ’ ដែលប្រទេសជប៉ុន បានអំពាវនាវជាបន្តបន្ទាប់ ហើយត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាកាត់ទោស

លោក Hayashi បានបន្ថែមថា ចំណាត់ការនេះក៏នឹង “នាំឱ្យមានជម្លោះកាន់តែស៊ីជម្រៅ ដោយសារការឡើងរឹងនៃមនោសញ្ចេតនាសាធារណៈ និងការឯកោបន្ថែមទៀតរបស់ប្រទេសមីយ៉ាន់ម៉ាពីសហគមន៍អន្តរជាតិ” ហើយជប៉ុន “បដិសេធយ៉ាងធ្ងន់ធ្ងរ” សកម្មភាពរបស់យោធាមីយ៉ាន់ម៉ា។

លោករដ្ឋមន្ត្រីបានសម្តែងនូវ “ការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត” របស់ប្រទេសជប៉ុន ចំពោះគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិត បន្ទាប់ពីរដ្ឋប្រហារ ខណៈពេលដែលជំរុញឱ្យរបបយោធាធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៃស្ថានការណ៍ ក្រោមការឯកភាពប្រាំចំណុចដែលបានព្រមព្រៀងដោយមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីខែមេសាឆ្នាំមុន ដូចជាការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សាលាក្តីយោធារបស់ប្រទេសនេះបានកាត់ទោសសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងពីរនាក់កាលពីខែមករាពីបទជាប់ពាក់ព័ន្ធក្នុង “អំពើភេរវកម្ម” ដែលរួមមានឃាតកម្ម។ ពីរនាក់ទៀតត្រូវបានគេរាយការណ៍ថា ជាប់ពាក់ព័ន្ធក្នុងការសម្លាប់ស្ត្រីម្នាក់ ដែលជាអ្នកផ្តល់ព័ត៌មានយោធាដែលត្រូវបានចោទប្រកាន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មិនមានការប្រហារជីវិតអ្នកទោសនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ ចាប់តាំងពីឆ្នាំ១៩៧៦ ហើយករណីថ្មីបំផុតនៃការផ្តន្ទាទោសជាធរមានបានកើតឡើងនៅក្នុងឆ្នាំ១៩៩០៕ប្រែសម្រួល ឈូក បូរ៉ា

To Top