ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីល បដិសេធដាក់ទណ្ឌកម្ម លើរុស្ស៊ី ដើម្បីធានាការនាំចូលជី

រីយ៉ូ ៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឲ្យដឹងជាថ្មី កាលពីថ្ងៃចន្ទម្សិលមិញនេះថា ការប្រឆាំងរបស់លោក ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី ក្នុងគោលបំណង ដើម្បីរក្សាការផ្គត់ផ្គង់ ការនាំចូលជីរុស្ស៊ី ដល់អាជីវកម្មកសិឧស្សាហកម្ម ប្រេស៊ីល ។

លោក Bolsonaro បានឲ្យដឹង ក្នុងកំឡុងវេទិកា អាជីវកម្ម កសិពាណិជ្ជកម្មសកល ឆ្នាំ២០២២ ថា “យើងនឹងមិនប្រកាន់ខ្ជាប់ នូវទណ្ឌកម្មប្រឆាំង នឹងរុស្ស៊ីនោះទេ យើងរក្សាជំហរប្រកបដោយតុល្យភាព ពីព្រោះបើគ្មានតុល្យភាព របស់ប្រទេសប្រេស៊ីល លើបញ្ហានេះនៅថ្ងៃនេះទេ យើងក៏នឹងមិនមានជី សម្រាប់អាជីវកម្មកសិឧស្សាហកម្ម របស់យើងដែរ” ។

លោក ប្រធានាធិបតី បាន ការពារ ការសម្រេចចិត្ត របស់ប្រទេសក្នុងការរក្សា ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយរុស្ស៊ី ដើម្បីធានា ដល់ការផលិត ស្បៀងអាហារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

លោកបានបន្ថែមថា “បើគ្មានជីទេ ការធានាសន្តិសុខស្បៀង របស់យើង និងប្រជាជន ១ពាន់លាននាក់ ក្នុងពិភពលោក នឹងត្រូវបានគំរាមកំហែង”។

លោក Bolsonaro ក៏បានកត់សម្គាល់ផងដែរថា នៅក្នុងខែធ្នូ រដ្ឋាភិបាលរបស់លោក បានសម្រេចចិត្តពង្រីកកម្មវិធីជីជាតិ ក្នុងការស្វែងរកជម្រើស សម្រាប់ការនាំចូល ។

ប្រទេសប្រេស៊ីល ដែលជាសេដ្ឋកិច្ចធំជាងគេ របស់អាមេរិកឡាទីន គឺជាអ្នកផលិតសណ្តែកសៀង ឈានមុខគេរបស់ពិភពលោក និងជាអ្នកនាំចេញប្រូតេអ៊ីន សត្វឈានមុខគេ របស់ពិភពលោក៕ប្រែសម្រួល ឈូក បូរ៉ា

To Top