បរទេស៖ តម្លៃប្រេងបានកើនឡើងខ្ពស់កាលពីថ្ងៃអង្គារ ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈដែលប្រទេសរុស្ស៊ី បានសម្រេចចិត្តកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតទៅកាន់អឺរ៉ុប ខណៈដែលភាពតានតឹងលើអ៊ុយក្រែនកើនឡើង។
ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃស្ដង់ដារពិភពលោក សម្រាប់ប្រេងពីរភាគបីរបស់ពិភពលោកត្រូវបានជួញដូរខ្ពស់ជាង ១,៧២ ភាគរយនៅតម្លៃ ១០៦,៩៦ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ១២និង ៣៦នាទី យប់ ម៉ោងនៅ UAE កាលពីថ្ងៃអង្គារ។
West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅរបស់អាមេរិកបានកើនឡើង ១,៨២ ភាគរយនៅត្រឹម ៩៨,៤៦ដុល្លារក្នុងមួយបារ៉ែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយលំហូរឧស្ម័នបន្ថែមទៀតតាមរយៈ Nord Stream 1 ដែលជាបំពង់បង្ហូរឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ខណៈដែលខ្លួនកំពុងរង់ចាំការចែកចាយទួរប៊ីនដ៏សំខាន់មួយបន្ទាប់ពីជួសជុលរួច។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនត្រូវការបញ្ឈប់ប្រតិបត្តិការនៃទួរប៊ីនឧស្ម័ន Siemens នៅស្ថានីយ៍បង្ហាប់ ដែលរំពឹងថា នឹងកាត់បន្ថយលំហូរឧស្ម័នតាមបំពង់ Nord Stream 1 មកត្រឹម ៣៣លានម៉ែត្រគូបចាប់ពីថ្ងៃទី២៧ ខែកក្កដា ដែលស្មើនឹង ២០ភាគរយនៃចំនួនសរុបនៃសមត្ថភាពបំពង់៕ប្រែសម្រួល ឈូក បូរ៉ា