គៀវ៖ ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងបន្ទាប់ពីមានការជំរុញបន្ថែមទៀតនៅក្នុងការនាំចេញថាមពលរបស់រុស្ស៊ីថា វិមានក្រឹមឡាំងកំពុងធ្វើ “សង្រ្គាមឧស្ម័នកាន់តែខ្លាំង” ក្នុងការប៉ុនប៉ងបំបែករណសិរ្សរួបរួមរបស់អឺរ៉ុប ជុំវិញការលុកលុយលើអ៊ុយក្រែន។
ក្រុមហ៊ុននាំចេញហ្គាស Gazprom បានឲ្យដឹងថា ខ្លួនកំពុងបិទម៉ាស៊ីនទួរប៊ីននៅលើបំពង់ Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយធ្វើឱ្យការផ្គត់ផ្គង់ធ្លាក់ចុះដល់ ៣៣លានម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺប្រហែល ២០ភាគរយនៃសមត្ថភាព។
ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានឲ្យដឹងថា ពួកគេមិនបានឃើញហេតុផលបច្ចេកទេសសម្រាប់ការកាត់បន្ថយនេះទេ ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ដោយស្នើឱ្យមានការពន្យល់របស់ក្រុមហ៊ុន Gazprom។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន Nord Stream 1 ដល់ ២០ភាគរយនៃសមត្ថភាពចាប់ពីថ្ងៃទី២៧ ខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
ការផ្គត់ផ្គង់តាមរយៈបំពង់ប្រេង Nord Stream បានធ្លាក់ចុះដល់ទៅ ៤០ភាគរយកាលពីខែមុន ហើយបានសម្រាក ១០ ថ្ងៃក្នុងអំឡុងពេលថែទាំកាលពីសប្តាហ៍មុន។
ការកាត់បន្ថយការផ្គត់ផ្គង់បានចោទជាសំណួរថាតើប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប អាចបំពេញធុងហ្គាសរបស់ពួកគេក្នុងពេលវេលា សម្រាប់រដូវរងា ដោយប្រទេសសហភាពអឺរ៉ុប កំពុងចរចាកាលពីថ្ងៃអង្គារលើការកាត់បន្ថយការប្រើប្រាស់សក្តានុពល ១៥ភាគរយ៕ប្រែសម្រួល ឈូក បូរ៉ា