រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារប្រទេសជិតខាង អាស៊ីអាគ្នេយ៍របស់មីយ៉ាន់ម៉ា បានធ្វើការស្តីបន្ទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រហារជីវិត របស់យោធាដែលកំពុងកាន់អំណាច លើសកម្មជននយោបាយចំនួន៤នាក់ ដោយហៅករណីថា “គួរឱ្យស្អប់ខ្ពើម” និងបំផ្លិចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ដើម្បីកាត់បន្ថយវិបត្តិ ដែលបានកើតឡើង ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដែលមានសមាជិក១០ប្រទេស ដែលរួមមានមីយ៉ាន់ម៉ា បានលើកឡើងថា ខ្លួន “បរិហារ និងខកចិត្តយ៉ាងខ្លាំង” ចំពោះការប្រហារជីវិត ក៏ដូចជាពេលវេលារបស់ពួកគេ គឺត្រឹមតែ១សប្តាហ៍ មុនកិច្ចប្រជុំបន្ទាប់របស់ប្លុកនេះ ។
កម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខណៈពេលដែលភាពស្មុគស្មាញ នៃវិបត្តិត្រូវបានទទួលស្គាល់យ៉ាងល្អ ហើយអារម្មណ៍ព្រឺព្រួចខ្លាំង អាចត្រូវបានគេដឹង ពីគ្រប់ជ្រុងទាំងអស់ នៃប្រទេសមីយ៉ាន់ម៉ា អាស៊ានទាំងមូលបានអំពាវនាវ ឱ្យមានការអត់ធ្មត់ជាទីបំផុត” ។
កម្ពុជា បានលើកឡើងថា “ការអនុវត្តការកាត់ទោសប្រហារជីវិត ត្រឹមតែ១សប្តាហ៍ មុនពេលកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៥៥ គឺជាការប្រមាថយ៉ាងខ្លាំង” ដោយបន្ថែមថា វាបង្ហាញពី “ការខ្វះខាតទាំងស្រុង” របស់របបយោធាក្នុងការគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការសម្របសម្រួលកិច្ចសន្ទនា រវាងយោធា និងគូប្រជែងរបស់ខ្លួន ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah ក៏បានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកថ្កោលទោស ការប្រហារជីវិតរបស់របបយោធាមីយ៉ាន់ម៉ា លើសកម្មជនទាំង៤នាក់ ហើយចាត់ទុកសកម្មភាពនេះ ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
លោកបានប្រាប់ ដល់សន្និសីទសារព័ត៌មានថា មីយ៉ាន់ម៉ា មិនគួរត្រូវបានអនុញ្ញាត ឱ្យបញ្ជូនអ្នកតំណាងនយោបាយ ទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអន្តរជាតិ ណាមួយឡើយ ហើយថា របបយោធាកំពុងធ្វើចំអក ចំពោះផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន ។
ប្លុកក្នុងតំបន់បានអនុម័ត ការឯកភាពមួយ នៅក្នុងកិច្ចប្រជុំជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីខែមេសាឆ្នាំមុន ដោយបានប្តេជ្ញាចិត្ត ចំពោះការបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សា ក្នុងចំណោមចំណុចផ្សេងៗទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា