ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ជួបសន្ទនាជាមួយ លោកស្រី Iriana Joko Widodo ភរិយារបស់ប្រធានាធិបតី ឥណ្ឌូណេស៊ី

នៅថៃ្ងទី ២៦ ខែកក្កដា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនា ជាមួយលោកស្រី Iriana Joko Widodo ភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្រុងប៉េកាំង ។

ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងឥណ្ឌូណេស៊ី គឺជាប្រទេសជិតខាង ដ៏សំខាន់រវាងគ្នានិងគ្នា ចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរមានប្រវតិ្តសាស្ត្រ ជាយូរលង់ណាស់មកហើយ ។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទំនាក់ទំនង រវាងប្រទេសទាំងពីរ មានភាពកាន់តែជិតស្និទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ ការប្រាស្រ័យទាក់ទង រវាងសង្គមស៊ីវិល នៃប្រទេសទាំងពីរគឺ មានភាពញឹកញាប់ ហើយឥណ្ឌូណេស៊ី ជាគោលដៅទេសចរណ៍ធំទីពីរ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់ភ្ញៀវទេសចរចិន ។ លោកស្រីរំពឹងថា ភាគីទាំងពីរ នឹងបង្កើនការផ្លាស់ប្តូរ ក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែ ស៊ីជម្រៅឥតឈប់ឈរ ។

ជាការឆ្លើយតប លោកស្រី Iriana Joko Widodo បានថ្លែងថា ខ្ញុំសប្បាយរីករាយណាស់ ដែលបានមកជួបមិត្តចាស់ម្តងទៀត នៅទីក្រុងប៉េកាំង ហើយសូមថ្លែងអំណរគុណ ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ របស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រីសាស្រ្តាចារ្យ Peng Liyuan ។ ឥណ្ឌូណេស៊ីសូមស្វាគមន៍ ភ្ញៀវទេសចរចិន កាន់តែច្រើនទៅទស្សនាកម្សាន្ត ហើយសូមជូនពរ ឱ្យទំនាក់ទំនងរវាងឥណ្ឌូណេស៊ី និងចិនទទួលបានការអភិវឌ្ឍយូរ អង្វែងនិងប្រកប ដោយមេត្រីភាព ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top