គៀវ ៖ សេវាកម្មសារព័ត៌មាន របស់កងកម្លាំងជើងទឹក អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រតិបត្តិការបានបន្តឡើងវិញ នៅក្នុងកំពង់ផែសមុទ្រខ្មៅ អ៊ុយក្រែនចំនួន៣ នៅ Odesa, Chornomorsk និង Pivdenny ស្របតាមកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ ដែលបានចុះហត្ថលេខា កាលពីសប្តាហ៍មុន នៅទីក្រុងអ៊ីស្ដង់ប៊ុល ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បច្ចុប្បន្នការងារកំពុងដំណើរការ ដើម្បីរៀបចំកំពង់ផែ សម្រាប់ការធ្វើនាវាចរណ៍ ប្រកបដោយសុវត្ថិភាព ដោយមានអ្នកជំនាញយោធា និងស៊ីវិលកំពុងស្វែងរកវត្ថុនៅក្រោមទឹក និងដំឡើងឧបករណ៍នាវាចរណ៍ពិសេស ។
នាវាដែលធ្វើដំណើរ ក្នុងកំពង់ផែ អ៊ុយក្រែន នឹងបង្កើត ជាក្បួន ដែលនឹងត្រូវ បានអមដំណើរ ដោយកប៉ាល់ ដឹកនាំសម្រាប់ សន្តិសុខ កាន់តែខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
នៅថ្ងៃទី២២ ខែកក្កដាអ៊ុយក្រែន និងរុស្ស៊ីបានចុះហត្ថលេខា ដាច់ដោយឡែកពីគ្នា ជាមួយតួកគី និងអង្គការសហប្រជាជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងអាចឱ្យ អ៊ុយក្រែន នាំចេញ ២០លានតោន នៃការប្រមូលផលគ្រាប់ធញ្ញជាតិ កាលពីឆ្នាំមុន និងជាផ្នែកមួយ នៃការប្រមូលផលនៅឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា