ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ស្វាគមន៍ ការទូតបន្ថែមទៀត ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឡើងវិញ

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសរបស់លោក “ស្វាគមន៍ការបន្តការទូត និងការពិភាក្សា” ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស ។

លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយប្រធាន គោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បន្ទាប់ពីអ្នកការទូត កំពូលរបស់អឺរ៉ុប បានស្នើអត្ថបទព្រាងថ្មីមួយ ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

រដ្ឋមន្ត្រីអ៊ីរ៉ង់បានរំលឹកឡើងវិញថា អ៊ីរ៉ង់ “ប្តេជ្ញាចិត្តដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ល្អ រឹងមាំ និងយូរអង្វែង” ដោយជំរុញឱ្យសហរដ្ឋអាមេរិកផ្លាស់ទី “ជាក់ស្តែងឆ្ពោះទៅរកការស្វែង រកដំណោះស្រាយ និងឈានដល់កិច្ចព្រមព្រៀង” ។

លោកបានបន្ថែមថា វ៉ាស៊ីនតោន “តែងតែអះអាងថាខ្លួនចង់បានកិច្ចព្រមព្រៀងមួយ ដូច្នេះត្រូវតែមាននៅក្នុងពាក្យនៃកិច្ចព្រមព្រៀង និងក៏នៅក្នុងការអនុវត្តផងដែរ” ។

លោក Borrell បានកត់សម្គាល់ នៅក្នុងគំនិតមួយ ដែលត្រូវបានចេញផ្សាយដោយ Financial Times កាលពីថ្ងៃអង្គារថា លោកបានដាក់អត្ថបទ នៅលើតុខណៈដែលលោក “បានសន្និដ្ឋានថា មានចន្លោះប្រហោហ សម្រាប់ការសម្របសម្រួលសំខាន់ៗបន្ថែមត្រូវបានអស់ហើយ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top