បរទេស ៖ ក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់ Krauss-Maffei Wegmann (KMW) បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាល អ៊ុយក្រែន ដែលនឹងឃើញ ក្រុមហ៊ុន ផលិត និងផ្គត់ផ្គង់ឱ្យទីក្រុងគៀវ ជាមួយនឹងកាំភ្លើងធំ បាញ់ពីលើស្មា PzH 2000 ចំនួន១០០គ្រឿង, នេះបើតាមកាសែត Der Spiegel បានរាយការណ៍ កាលពីថ្ងៃពុធ ដោយដកស្រង់ សម្តីតំណាងក្រុមហ៊ុន ។ កាសែតបាននិយាយថា ទីក្រុងប៊ែកឡាំង បានអនុម័តការលក់ក្នុង រយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Der Spiegel បានផ្សាយថា ទីក្រុង គៀវ បានស្នើសុំក្រុមហ៊ុន KMW ថាតើខ្លួនអាចទិញ ឧបករណ៍យោធាដោយផ្ទាល់វិញ នៅក្នុងខែមេសាដែរឬទេ ដោយបន្ថែមថា ក្រុមហ៊ុនផលិតអាវុធ ដែល “ភ្លាមៗ” នោះបានធ្វើការផ្តល់ជូន ដែលពាក់ព័ន្ធដល់អ៊ុយក្រែន និងបានដាក់ ពាក្យស្នើសុំអាជ្ញាប័ណ្ណផលិត PzH 2000 ពីរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី១១ ខែកក្កដា ។
យោងតាមអ្នកនាំពាក្យ របស់ក្រុមហ៊ុននេះ ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ ដឹកនាំដោយលោក Robert Habeck បានបើកភ្លើងខៀវលើការ លក់ត្រឹមតែពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៣ខែកក្កដា។ អ្នកនាំពាក្យក៏ បាននិយាយផងដែរថា កិច្ចព្រមព្រៀងអាវុធមានតម្លៃ ១,៧ ពាន់លានអឺរ៉ូ (១,៧២ ពាន់លានដុល្លារ) ។ តម្លៃនៃកិច្ចសន្យា តែមួយនេះគឺស្ទើរតែបីដង នៃតម្លៃសព្វាវុធទាំងអស់ ដែលអាល្លឺម៉ង់ បានបញ្ជូនទៅអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារុស្ស៊ី ។ យោងតាមទិន្នន័យ របស់រដ្ឋាភិបាលបានឱ្យដឹងថា ជំនួយយោធារបស់ទីក្រុងប៊ែកឡាំងដល់ទីក្រុងគៀវមានចំនួនប្រហែល ៦០០ លានអឺរ៉ូ (607 លានដុល្លារ) រហូតមកដល់បច្ចុប្បន្ន ៕
ប្រែសម្រួលៈ ណៃ តុលា