ម៉ូស្គូ៖ ដំណើរស្វែងរករបស់សហរដ្ឋអាមេរិកសម្រាប់ការត្រួតត្រានៃមហាសមុទ្រពិភពលោក និងការពង្រីកអង្គការណាតូ គឺជាការគំរាមកំហែងចម្បង ចំពោះសន្តិសុខដែនសមុទ្ររបស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការអនុម័តគោលលទ្ធិកងទ័ពជើងទឹកនៃសហព័ន្ធរុស្ស៊ី និងបទបញ្ជាប្រតិបត្តិ ស្តីពីការអនុម័តបទប្បញ្ញត្តិនៃកងទ័ពជើងទឹករុស្ស៊ី។
ឯកសារដែលមាន ៥៥ទំព័រ បានឲ្យដឹងថា បញ្ហាប្រឈម និងការគំរាមកំហែងចម្បង ចំពោះសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់រុស្ស៊ីគឺ “ផ្លូវយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកឆ្ពោះទៅ រកការត្រួតត្រានៅក្នុងមហាសមុទ្រពិភពលោក និងឥទ្ធិពលសកលរបស់វាលើដំណើរការអន្តរជាតិ” ។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា របស់ណាតូទៅកាន់ព្រំដែនរុស្ស៊ី និងការកើនឡើងនៃសមយុទ្ធ របស់ប្លុកនៅក្នុងតំបន់ ដែលនៅជាប់នឹងដែនទឹករបស់ប្រទេសនេះ ក៏ត្រូវបានរាយបញ្ជីថា ជាការគំរាមកំហែងដ៏សំខាន់ ចំពោះសន្តិសុខជាតិរបស់រុស្ស៊ីផងដែរ។
លោកពូទីន បានឲ្យដឹងនៅក្នុងសុន្ទរកថាក្នុងអំឡុងពេលក្បួនដង្ហែរថា គោលលទ្ធិនេះបានគូសបញ្ជាក់ ដោយបើកចំហព្រំដែន និងតំបន់នៃផលប្រយោជន៍ជាតិរបស់រុស្ស៊ី។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yury Borisov បានឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដែនសមុទ្រកាលពីខែឧសភា យោងតាមរបាយការណ៍ TASS បានឱ្យដឹងថា បច្ចុប្បន្នភាពគោលលទ្ធិសមុទ្រឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរនៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយ និងយោធាក្នុងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា