ព័ត៌មានអន្តរជាតិ

កាសែតរដ្ឋចិន Global Times ផ្សាយថា លោកស្រី Pelosi អាចប្រើល្បិច ដើម្បីបានចូលចតនៅកោះតៃវ៉ាន់

បរទេស៖ កាសែតរដ្ឋចិន Global Times បានព្រមានថា យន្តហោះដែលដឹក ប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi អាចព្យាយាមចុះចតនៅកោះតៃវ៉ាន់ បើទោះបីជាកោះដែលគ្រប់គ្រងដោយខ្លួនឯងនោះ មិនស្ថិតក្នុងចំណោមគោលដៅដែលបានប្រកាសជាផ្លូវការ នៃដំណើរទេសចរណ៍អាស៊ីរបស់លោកស្រីក៏ដោយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានជាភាសាអង់គ្លេសបានសរសេរកាលពីថ្ងៃអាទិត្យ ដោយដកស្រង់អ្នកវិភាគចិនថា “វានៅតែអាចទៅរួចដែលថា លោកស្រី Pelosi ចង់ធ្វើចលនាប្រកបដោយហានិភ័យ និងគ្រោះថ្នាក់ដោយការព្យាយាមចុះចតនៅអាកាសយានដ្ឋានតៃវ៉ាន់ ដោយមានលេសសង្គ្រោះបន្ទាន់ ដូចជាកំហុសយន្តហោះ ឬការចាក់ប្រេង”។

កាសែតបានបន្ថែមថា ដោយសារហានិភ័យបែបនេះ “ការល្បាតរបស់យោធាចិន ការរកឃើញរ៉ាដា និងសមយុទ្ធដែលពាក់ព័ន្ធ គួរតែនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃខាងមុខ” ។

ទោះជាយ៉ាងណាក៏ដោយ កាសែត Global Times បានចង្អុលបង្ហាញថា ប្រសិនបើ លោកស្រី Pelosi “ពិតជាមានបញ្ហាបន្ទាន់… យន្តហោះរបស់កងទ័ពរំដោះប្រជាជន (PLA)) អាចផ្តល់ការការពារដល់ យន្តហោះរបស់លោកស្រី និងអនុញ្ញាតឱ្យយន្តហោះលោកស្រី Pelosi ចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Sansha ខេត្ត Hainan នៃសមុទ្រចិនខាងត្បូង ឬព្រលានយន្តហោះផ្សេងទៀតនៅក្នុងប្រទេសចិនដីគោក ដែលអាចផ្តល់សេវាកម្ម និងជំនួយប្រកបដោយវិជ្ជាជីវៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top