ព័ត៌មានអន្តរជាតិ

UN៖ មនុស្សជាង ១,២លាននាក់ ត្រូវបានជម្លៀសខ្លួនចេញពី ប្រទេសមីយ៉ាន់ម៉ា

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) មនុស្សជាង ១,២លាននាក់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា រួមទាំងមនុស្សជាង ៨៦៦.០០០នាក់ បានផ្លាស់ទីលំនៅដោយសារជម្លោះ និងអសន្តិសុខចាប់តាំងពី ការកាន់កាប់ដោយយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា មនុស្ស៣៤៦.០០០នាក់ដែលនៅសល់ត្រូវបាន ផ្លាស់ទីលំនៅពីជម្លោះពីមុន ដែលភាគច្រើននៅក្នុងរដ្ឋរ៉ាឃីន ។

លោកបានលើកឡើងថា អតិផរណាតម្លៃទំនិញចាប់តាំងពីខែឧសភា ឆ្នាំ២០២២ រួមទាំងម្ហូបអាហារ និងប្រេងឥន្ធនៈ កំពុងធ្វើឱ្យភាពតានតឹងសេដ្ឋកិច្ចសង្គម របស់ប្រជាជនកាន់តែដុនដាប ។

លោក Dujarric បានឲ្យដឹងថា រួមគ្នាជាមួយដៃគូក្នុងស្រុក អង្គការសហប្រជាជាតិ កំពុងព្យាយាមឈានដល់មនុស្ស៦,២លាននាក់ ជាមួយនឹងជំនួយសង្គ្រោះជីវិត នៅឆ្នាំនេះ ។  “យើងបានឈានដល់ពាក់កណ្តាល នៃគោលដៅរបស់យើងជាមួយនឹងទម្រង់ជំនួយមនុស្សធម៌ យ៉ាងហោចណាស់មួយនៅពាក់កណ្តាលឆ្នាំ បើទោះបីជាមានឧបសគ្គក្នុងការចូលប្រើប្រាស់ និងការខ្វះខាតថវិកាក៏ដោយ ។ ដើម្បីទៅដល់សហគមន៍ដែលងាយរងគ្រោះ ដែលនៅសល់ យើងត្រូវការលទ្ធភាពទទួលបានប្រសើរជាងមុន និងការផ្តល់មូលនិធិបន្ថែម ជាពិសេសទាក់ទងនឹងអតិផរណា” ។

លោកបានប្រាប់ដល់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រហូតមកដល់ពេលនេះ ផែនការឆ្លើយតបមនុស្សធម៌របស់អង្គការសហប្រជាជាតិឆ្នាំ២០២២ សម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺទទួលបានមូលនិធិត្រឹមតែ ១៣ភាគរយប៉ុណ្ណោះ ដែលបន្សល់ទុកគម្លាតទឹកប្រាក់ចំនួន ៧១៩លានដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top