ព័ត៌មានអន្តរជាតិ

អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ជុំវិញករណីផ្ទុះជំងឺអុតស្វា ដ៏ច្រើនសន្ធឹកសន្ធាប់

ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី  Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នជុំវិញជំងឺអុតស្វា កាលពីថ្ងៃចន្ទ ក្នុងសកម្មភាពមួយក្នុងគោលបំណងជំរុញ កិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ ដើម្បីបន្ថយការរីករាលដាល នៃជំងឺរាតត្បាតដែលបានឆ្លង ដល់ជនជាតិអាមេរិកជាង៥.៨០០នាក់ ។

រដ្ឋកាលីហ្វ័រនីញ៉ា ដែលជារដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុត របស់ប្រទេសនេះ បានបញ្ជាក់ពីករណីជំងឺអុតស្វា ចំនួន ៨២៧ករណីគិតត្រឹមថ្ងៃចន្ទ ដែលជារដ្ឋធំបំផុតទី២ បន្ទាប់ពីការឆ្លងចំនួន១.៣៩០ករណី ដែលបានចងក្រងជាឯកសារ នៅទីក្រុងញ៉ូវយ៉ក នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CDC បានបញ្ជាក់យ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា ករណីដំបូងនៃជំងឺអុតស្វា នៅសហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់នៅក្នុងរដ្ឋ Massachusetts កាលពីថ្ងៃទី២០ ខែឧសភា ជាមួយនឹងករណីដំបូងនៅរដ្ឋកាលីហ្វ័រនីញ៉ា ចំពោះមនុស្សម្នាក់ដែលឆ្លងមេរោគ នៅក្រៅប្រទេស បានបញ្ជាក់៥ថ្ងៃក្រោយមក ។

គេបានដឹងថា ជំងឺអុតស្វា ដែលគេស្គាល់ថា Monkeypox ដែលរីករាលដាលតាមរយៈ ការប៉ះរាងកាយជិតស្និទ្ធ ទំនងជាបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅស្បែកដែលពោរពេញដោយខ្ទុះ ទោះបីជាវាកម្រនឹងស្លាប់ក៏ដោយ ។

ការប្រកាសរបស់លោក Newsom បានកើតឡើងរយៈពេល៩ថ្ងៃបន្ទាប់ពី អង្គការសុខភាពពិភពលោក (WHO) បានប្រកាសភាពអាសន្នសុខភាពជាសកល ដែលជាកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុត របស់ទីភ្នាក់ងារនេះ ជុំវិញជំងឺមេរោគដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top