បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ប្រទេសថៃឡង់ដ៏បានរាយការណ៍ពីករណីជំងឺអុតស្វាជាលើកទី៣របស់ខ្លួននៅថ្ងៃពុធ ។ នេះបើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។
លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានលើកឡើងថា អ្នកឆ្លងគឺជាបុរសជនជាតិអាល្លឺម៉ង់អាយុ២៥ឆ្នាំដែលបានចូលស្នាក់នៅលើកោះភូកេត (Phuket) កាលពីថ្ងៃទី១៨ ខែកក្កដា ហើយបានលេចចេញរោគសញ្ញាភ្លាមៗ ។
លោក Opas បានឲ្យដឹងថា ដំបូងឡើយ អាជ្ញាធរជឿថា វាជាករណីនាំចូល ដោយសារពេលវេលាបង្កកំណើត ហើយក្រុមគ្រូពេទ្យកំពុងពិនិត្យមើលការកំណត់ពេលវេលា ដើម្បីតាមដានទំនាក់ទំនងជិតស្និទ្ធ និងក្រុមដែលងាយរងគ្រោះ ។
លោកបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ គ្មានការឆ្លងណាមួយត្រូវបានរកឃើញទេ ក្នុងចំណោមទំនាក់ទំនងជិតស្និទ្ធដែលមានទីតាំងនៅទីនោះ ។
កាលពីថ្ងៃចន្ទ ប្រទេសថៃឡង់ដ៏ បានឲ្យដឹងថា ខ្លួនរំពឹងថា វ៉ាក់សាំងជំងឺអុតស្វាដំបូងនឹងមកដល់នៅចុងខែនេះ ។ លោក Opas បានលើកឡើងថា វ៉ាក់សាំងនេះទំនងជាត្រូវបានចាក់ឲ្យបុគ្គលិកពេទ្យ និងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ពីការឆ្លងជំងឺអុតស្វាចំនួន២ករណីក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា