វីយែន ៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ កាលពីថ្ងៃពុធ បានប្រកាស ពីការជំរុញផលិតកម្មបន្តិចបន្តួចនៅក្នុងខែកញ្ញា បើទោះបីជាមានការអំពាវនាវ ឱ្យមានការកើនឡើងលឿនជាងមុន ដើម្បីរក្សាតម្លៃប្រេងឆៅ ខ្ពស់ក៏ដោយ។
សម្ព័ន្ធប្រេងបានសម្រេចចិត្ត បង្កើនការផលិត ១០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ (bpd) សម្រាប់ខែកញ្ញា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣១ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កិច្ចប្រជុំបានកត់សម្គាល់ពី “មូលដ្ឋានគ្រឹះទីផ្សារប្រេង ដែលថាមវន្ត និងវិវឌ្ឍយ៉ាងឆាប់រហ័ស” និង “ភាពអាចរកបាននៅមាន កម្រិតយ៉ាងធ្ងន់ធ្ងរ” នៃសមត្ថភាពទំនេរ ដោយសារតែការវិនិយោគតិច រយៈពេលវែងក្នុងវិស័យប្រេង។
ប្រភពបានព្រមានថា ការវិនិយោគមិនគ្រប់គ្រាន់ ទៅក្នុងវិស័យខាងលើ នៃឧស្សាហកម្មប្រេងនឹង “ប៉ះពាល់ដល់លទ្ធភាព នៃការផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងលក្ខណៈទាន់ពេលវេលា ដើម្បីបំពេញតម្រូវការកើនឡើង លើសពីឆ្នាំ២០២៣”។
ការសម្រេចចិត្ត របស់សម្ព័ន្ធភាពកាលពីថ្ងៃពុធ បានកើតឡើងនៅពេលដែលតម្លៃប្រេងឆៅ នៅតែខ្ពស់ចំពេលដែលការ ផ្គត់ផ្គង់បន្តតឹងតែង និងភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ ។
ទោះបីជាទាំងប្រេងឆៅ West Texas Intermediate (WTI) និង ប្រេងឆៅ Brent បានធ្លាក់ចុះចំពេលមានការ ភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច ចាប់តាំងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចុងក្រោយរបស់ OPEC+ នៅចុងខែមិថុនា ក៏ដោយ គោលទាំងពីរ នៅតែមានតម្លៃប្រហែល ១០០ដុល្លារអាមេរិក ក្នុងមួយបារ៉ែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបន្តជំរុញឱ្យមានអតិផរណា នៅក្នុងប្រទេសជាច្រើន។
OPEC + បានកាត់បន្ថយផលិតកម្មប្រេង យ៉ាងច្រើនក្នុងឆ្នាំ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ រារាំងតម្រូវការ ។ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ ក្រុមនេះបាន នឹងកំពុងកាត់បន្ថយការកាត់បន្ថយទិន្នផល ដោយបង្កើនផលិតកម្មពី ៤០ម៉ឺន ទៅ ៦៤៨០០០bpd ជារៀងរាល់ខែ៕
ប្រែសម្រួល ឈូក បូរ៉ា