បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានរិះគន់សហភាពអឺរ៉ុប ដោយចោទប្រកាន់ប្លុកនេះថា មានចេតនាដកប្រាក់ជំនួយចំនួន ៨ពាន់លានអឺរ៉ូ (៨,១៨ពាន់លានដុល្លារ) ដែលសន្យាដល់ ប្រទេសរបស់លោក ចំពេលមានជម្លោះជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Vladimir Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ នៅលើបណ្តាញ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា “ជារៀងរាល់ថ្ងៃ និងតាមវិធីផ្សេងៗគ្នា ខ្ញុំរំលឹកមេដឹកនាំសហភាពអឺរ៉ុបមួយចំនួនថា សោធននិវត្តន៍របស់អ៊ុយក្រែន ជនភៀសខ្លួនរបស់យើង គ្រូបង្រៀនរបស់យើង និងមនុស្សផ្សេងទៀត ដែលពឹងផ្អែកលើ ការចំណាយ ដែលបានពីថវិកា មិនគួរធ្វើជាចំណាប់ខ្មាំងនៃភាពមិនច្បាស់លាស់ ឬការិយាធិបតេយ្យរបស់ពួកគេនោះទេ។
លោកបានទទូចថា សហភាពអឺរ៉ុបបានផ្អាកការប្រាក់ បម្រុងចំនួន ៨ ពាន់លានអឺរ៉ូ ហើយ “ការពន្យារពេលសិប្បនិម្មិត នៃជំនួយម៉ាក្រូហិរញ្ញវត្ថុ សម្រាប់ប្រទេសរបស់យើង គឺជាឧក្រិដ្ឋកម្ម ឬកំហុស” ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ មិនបានបញ្ចេញឈ្មោះប្រទេសដែលទទួលខុសត្រូវក្នុងការកាត់ប្រាក់នោះទេ ប៉ុន្តែបានសម្តែងក្តីសង្ឃឹមថា វាគ្រាន់តែជាកំហុសមួយប៉ុណ្ណោះ ហើយនឹងត្រូវបានកែតម្រូវ។
សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ អនុប្រធានការិយាល័យរបស់លោក Zelensky លោក Igor Zhovkva បាននិយាយថា រហូតមកដល់ពេលនេះ អ៊ុយក្រែនបានទទួលត្រឹមតែ ១ ពាន់លានអឺរ៉ូពីទីក្រុង Brussels ខណៈដែល “ប្រទេស EU មួយចំនួន រួមទាំងប្រទេសអាល្លឺម៉ង់” កំពុងរារាំងការផ្ទេរប្រាក់ចំនួន ៨ ពាន់លានផ្សេងទៀត៕