ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុប ដែលមិនគាំទ្រ ផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់បន្ថយ ការប្រើប្រាស់ឧស្ម័នរុស្ស៊ី ត្រូវបានបញ្ចេញឈ្មោះ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ឯកសារ ដែលចេញផ្សាយ ដោយសាធារណរដ្ឋឆេក ដែលបច្ចុប្បន្នជា ប្រធានការចរចា នៅក្នុងប្លុកនេះថា ប្រទេសប៉ូឡូញ និងប្រទេសហុងគ្រី បានបដិសេធចំពោះការគាំទ្រ ផែនការរបស់សហភាពអឺរ៉ុប ក្នុងការកាត់បន្ថយការប្រើប្រាស់ ឧស្ម័ន ១៥ភាគរយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បណ្តាប្រទេសសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន បានយល់ព្រមលើផែនការ កាត់បន្ថយការប្រើប្រាស់ឧស្ម័ន ក្នុងគោលបំណងដើម្បី បំពេញកន្លែងស្តុកទុក ចំពេលមានការព្រួយបារម្ភ អំពីការបិទការផ្គត់ផ្គង់ របស់រុស្ស៊ី ដែលអាចកើតមាន។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តផែនការនេះ កាលពីថ្ងៃសុក្រ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន Reuters ការបោះឆ្នោតសម្រាប់ការអនុម័ត ចាំបាច់ត្រូវការភាគច្រើន – មានន័យថាការគាំទ្រពី ១៥ នៃសមាជិក ២៨របស់ប្លុក នឹងត្រូវបានអនុម័ត។

ប្រទេសហុងគ្រី ដែលបច្ចុប្បន្ន កំពុងពិភាក្សាដើម្បីទទួលបាន ការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀត ពីរុស្ស៊ីបានប្រឆាំងនឹង គម្រោងនេះតាំងពីដើមដំបូងមក។ យោងតាមឯកសារ ដែលឃើញដោយ Reuters ទីក្រុង Budapest បានចោទសួរពីភាពស្របច្បាប់ នៃផែនការនេះ ដោយអះអាងថា វានឹងប៉ះពាល់ដល់សន្តិសុខ ថាមពលរបស់ប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top