បរទេស៖ លោករដ្ឋមន្ត្រីក្រសួងការបរទេស រុស្ស៊ី Sergey Lavrov នឹងដឹកនាំក្រុមគណប្រតិភូរុស្ស៊ី ទៅចូលរួមកិច្ចប្រជុំកំពូល របស់ អង្គការសហប្រជាជាតិ ដែលគ្រោងធ្វើឡើង នៅចុងខែកញ្ញា ក្នុងប្រទេសអាមេរិក ។ នេះបើយោងតាមការប្រកាស ដោយវិមានក្រមឡាំង កាលពីថ្ងៃចន្ទម្សិលមិញ។
ទោះបីជាយ៉ាងណាក្តី យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងទៀតដែរថា លោកប្រធានាធិបតី Vladimir Putin នឹង មិនមានបំណងចូលរួម កិច្ចប្រជុំ UNGA នេះឡើយទាំងដោយផ្ទាល់ ឬតាមវិដេអូ ខលក្តី ហើយមកដល់ពេលនេះ ក៏នៅមិនទាន់ច្បាស់ ដែរថាអាមេរិក នឹងអនុញ្ញាតិឲ្យមានវត្តមាន របស់លោក Lavrov ឬយ៉ាងណា នៅក្នុងកម្មវិធីនេះ។
លោករដ្ឋមន្ត្រី Lavrov នឹងមានវត្តមានជាមួយនឹង អនុរដ្ឋមន្ត្រីការបរទេស Sergey Vershinin ព្រមទាំងតំណាងពិសេសរុស្ស៊ី នៅអង្គការ សហប្រជាជាតិ Vassily Nebenzia និងក៏ដូចជាសមាជិកសភារុស្ស៊ី Grigory Karasin និងមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀតផងដែរ។
គួរឲ្យដឹងដែរថា ក្នុងចំណោមនោះ មានមន្ត្រីជាច្រើនរូប ដែលបានជាប់ទណ្ឌកម្ម របស់អាមេរិក តាំងតែពីឆ្នាំ២០១៤ ដោយសារបញ្ហានៅ Crimea ដែលក្នុងនោះសូម្បីតែលោករដ្ឋមន្ត្រី Sergey Lavrov ផ្ទាល់ផង៕
ប្រែសម្រួល៖ស៊ុនលី