ម៉ូស្គូ៖ ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ី បានដកឧបករណ៍របស់ខ្លួន ចេញពីការត្រួតពិនិត្យជាបណ្តោះអាសន្ន ក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធ យុទ្ធសាស្ត្រថ្មី (New START) ។
ក្រសួងបានឲ្យដឹងថា “ប្រទេសរុស្ស៊ី បានជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិក ថាប្រទេសរបស់យើងកំពុង ដកឧបករណ៍របស់ខ្លួនជាបណ្តោះអាសន្ន ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ នៅក្រោមសន្ធិសញ្ញានេះ ពីសកម្មភាពអធិការកិច្ច” ។
ទីក្រុងមូស្គូ ត្រូវបានបង្ខំឱ្យផ្អាកការត្រួតពិនិត្យ “ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ ឈររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចាប់ផ្តើមសកម្មភាព អធិការកិច្ចឡើងវិញ” ក្រោមលក្ខខណ្ឌអយុត្តិធម៌ ដែលបានបង្កើតគុណសម្បត្តិ សម្រាប់ភាគីអាមេរិក ខណៈក្នុងពេលដំណាលគ្នាធ្វើឱ្យរុស្ស៊ី មិនអាចធ្វើអធិការកិច្ច នៅសហរដ្ឋអាមេរិកបាន។
ក្រសួងបានឲ្យដឹងទៀតថា ការរឹតបន្តឹងប្រឆាំងនឹងរុស្ស៊ី ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន បានរំខានដល់ការធ្វើដំណើរ តាមផ្លូវអាកាសរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលធ្វើឱ្យក្រុមអធិការកិច្ចរុស្ស៊ី មិនអាចទៅដល់គោលដៅចាំបាច់នានា។
ក្រសួងបានបន្ថែមថាភាគីទាំងពីរត្រូវតែ “បោះបង់ចោលការប៉ុនប៉ង ប្រឆាំងផលិតភាព ដែលមានគោលបំណងបង្កើនល្បឿន នៃការបន្តសកម្មភាពអធិការកិច្ចឡើងវិញ” ហើយផ្តោតលើការលុបបំបាត់រាល់បញ្ហា ដែលមានស្រាប់នៅក្នុងតំបន់នេះ ៕
ប្រែសម្រួល ឈូក បូរ៉ា