តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានប្រកាសធ្វើ សមយុទ្ធយោធាថ្មីៗ នៅតំបន់សមុទ្រ និងដែនអាកាសជុំវិញ កោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីការគ្រោងបញ្ចប់ នៃសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មានដើម្បីតវ៉ាប្រឆាំង នឹងដំណើរទស្សនកិច្ចកាល ពីសប្តាហ៍មុន ទៅកាន់កោះនេះដោយប្រធាន សភាអាមេរិក Nancy Pelosi ។
បញ្ជាការដ្ឋាននៅភាគខាងកើត របស់ប្រទេសចិន បានលើកឡើងថា ខ្លួននឹងធ្វើសមយុទ្ធរួមគ្នាដែលផ្តោត លើប្រតិបត្តិការប្រឆាំង នាវាមុជទឹក និងការវាយប្រហារ តាមសមុទ្រ ដោយបញ្ជាក់ពីការភ័យខ្លាចរបស់អ្នកវិភាគ និងអ្នកការទូតមួយចំនួន ដែលថា ទីក្រុងប៉េកាំង នឹងបន្តរក្សាសម្ពាធ លើការការពាររបស់កោះតៃវ៉ាន់ ។
ក្រសួងការបរទេស របស់កោះតៃវ៉ាន់ បានថ្កោលទោសទង្វើនេះ ដោយលើកឡើងថា ប្រទេសចិន ដែលទាមទារកោះគ្រប់គ្រងដោយខ្លួនឯងថា ជារបស់ខ្លួន គឺជាចេតនាបង្កើតវិបត្តិ ។ កោះតៃវ៉ាន់ បានទាមទារឱ្យទីក្រុងប៉េកាំង បញ្ឈប់សកម្មភាពយោធារបស់ខ្លួន និង “ដកថយពីតំបន់ដែនកោះ” ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំពោះមុខការបំភិតបំភ័យផ្នែកយោធា ដែលបង្កើតឡើងដោយប្រទេសចិន កោះតៃវ៉ាន់នឹងមិនភ័យខ្លាច ឬថយក្រោយឡើយ ហើយនឹងការពារយ៉ាងរឹងមាំ នូវអធិបតេយ្យភាព សន្តិសុខជាតិ និងរបៀបរស់នៅដោយសេរី និងប្រជាធិបតេយ្យ” ។
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងលើកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានឲ្យដឹងថា លោកមិនព្រួយបារម្ភអំពីកោះតៃវ៉ាន់ទេ ប៉ុន្តែមានការព្រួយបារម្ភអំពីសកម្មភាព របស់ចិននៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា