តេអេរ៉ង់៖ ទីប្រឹក្សាក្រុមអ៊ីរ៉ង់បានឲ្យដឹងថា អ្នកចរចាអ៊ីរ៉ង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ បាននឹងកំពុងព្រងើយកន្តើយចំពោះ “ការគំរាមកំហែង និងពេលវេលាកំណត់” ដោយលោកខាងលិច ដើម្បីការពារសិទ្ធិប្រជាជនអ៊ីរ៉ង់ និងផលប្រយោជន៍ យូរអង្វែងរបស់ប្រទេស។
លោក Mohammad Marandi ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលបានលើកឡើងថា អ្នកចរចាអ៊ីរ៉ង់ បានជំរុញយ៉ាងខ្លាំងដល់ប្រជាជនអាមេរិក និងរដ្ឋាភិបាលអឺរ៉ុប ឱ្យដកថយពីជំហរមិនសមហេតុផលរបស់ពួកគេ ទាំងនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន និងការទំនាក់ទំនងរបស់ខ្លួន ជាមួយភាគីចរចាដទៃទៀត។
លោក Marandi សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ តេអេរ៉ង់បានលើកឡើងថា ក្រុមអ៊ីរ៉ង់មានបំណងទទួលបាន “សម្បទានសំខាន់ៗ” ពីភាគីម្ខាងទៀត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Marandi បានបដិសេធមិនធ្វើ សេចក្តីថ្លែងការណ៍ណាមួយ លើអត្ថបទនៃកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានផ្តល់ជូនដោយ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell ដោយលើកឡើងថា “ការពិនិត្យដោយប្រុងប្រយ័ត្ន” នឹងត្រូវធ្វើឡើងនៅទីក្រុងតេអេរ៉ង់។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាច ពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្មលើប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ។
កិច្ចពិភាក្សាស្តីពីការធ្វើឱ្យ JCPOA រស់ឡើងវិញបាន ចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ៕
ប្រែសម្រួល ឈូក បូរ៉ា