ក្នុងពេលប្រាស្រ័យទាក់ទងជាមួយនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ុងហ្គោលី កូរ៉េខាងត្បូង និងនេប៉ាល់នាពេលថ្មីៗនេះ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយពីគោលជំហររបស់ប្រទេសចិនអំពីនិន្នាការថ្មីនៃស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ដោយលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ជាការបង្កហេតុផ្នែកនយោបាយសុទ្ធសាធ ហើយក៏ជារឿងកំប្លែងផ្នែកនយោបាយសុទ្ធសាធផងដែរ។
លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងបន្តវិវឌ្ឍទៅមុខ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះនិន្នាការដែលមានគ្រោះថ្នាក់ចំនួនបី ពោលគឺ៖ ទីមួយ ត្រូវប្រុងប្រយ័ត្នចំពោះសហរដ្ឋអាមេរិកដែលមិនទទួលយកភាពបរាជ័យ ហើយរួមជាមួយសម្ព័ន្ធមិត្តមួយចំនួនដើម្បីញុះញង់បញ្ឆេះកំហឹងនិងពង្រីកការដាក់ពង្រាយកម្លាំងយោធាក្នុងតំបន់ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ក្នុងចេតនាចង់បង្កវិបត្តិកាន់តែធំថែមទៀត ។ ទីពីរ គឺត្រូវប្រុងប្រយ័ត្នចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដែលធ្វើការវិនិច្ឆ័យខុសចំពោះស្ថានការណ៍ ដោយបន្តបង្កើនការឃុបឃិតជាមួយកម្លាំងខាងក្រៅ ហើយដើរលើផ្លូវបំបែកបំបាក់ប្រទេសជាតិនិងប្រជាជាតិ។ ទីបី គឺត្រូវប្រុងប្រយ័ត្នចំពោះអ្នកនយោបាយនៃប្រទេសមួយចំនួនដែលមិនអើពើពីការខុសនិងត្រូវ ហើយឃោសនាបំប៉ោង និងធ្វើការសម្តែងល្ខោននយោបាយ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ ។ ប្រការនេះនឹងប៉ះពាល់យ៉ាងខ្លាំងក្លាដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងជាមួយប្រទេសចិន ព្រមនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធអន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន