បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា បានមកដល់ប្រទេសថៃឡង់ដ៏ នេះបើយោងតាមសាក្សីទីភ្នាក់ងារ Reuters ៣នាក់ ខណៈដែលគាត់ស្វែងរក ទីជំរកបណ្តោះអាសន្ននៅក្នុងប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានភៀសខ្លួនចេញពី ប្រទេសដែនកោះរបស់គាត់កាលពីខែមុន ចំពេលមានការតវ៉ាដ៏ខ្លាំងក្លា ។
លោក Rajapaksa បានមកដល់អាកាសយានដ្ឋានដុនមឿង ទីក្រុងបាងកក តាមជើងហោះហើរជួលពីប្រទេសសិង្ហបុរី បន្ទាប់ពីអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា គាត់បានចាកចេញពីសិង្ហបុរីហើយ ។
លោក Rajapaksa ត្រូវបានគេរំពឹងថា នឹងស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសថៃឡង់ដ៏ បន្ទាប់ពីបានភៀសខ្លួនពីប្រទេសស្រីលង្កា ទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា ។
គួរបញ្ជាក់ថា លោកបានលាលែង ពីតំណែងភ្លាមៗបន្ទាប់ពី មានចលាចលដែលមិនធ្លាប់មាន ពីមុនមកចំពោះការដោះស្រាយ វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត របស់រដ្ឋាភិបាលក្នុងរយៈពេល ៧ទសវត្សរ៍ ហើយប៉ុន្មានថ្ងៃបន្ទាប់ពីបាតុករ រាប់ពាន់នាក់បានសម្រុកចូលភូមិគ្រឹះ និងការិយាល័យផ្លូវការរបស់ប្រធានាធិបតី ។
អាជ្ញាធរថៃបានលើកឡើងថា អតីតមន្ត្រីយោធាដែល ជាប្រមុខរដ្ឋស្រីលង្កាដំបូងដែលលាលែង ពីតំណែងពាក់កណ្តាលអាណត្តិនោះ មិនមានចេតនាស្វែងរកសិទ្ធិ ជ្រកកោននយោបាយទេ ហើយគ្រាន់តែស្នាក់នៅ បណ្តោះអាសន្នប៉ុណ្ណោះ ។
នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់ឧចា បានប្រាប់ដល់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា “នេះគឺជាបញ្ហាមនុស្សធម៌ ហើយមានកិច្ចព្រមព្រៀងមួយដែលថា វាជាការស្នាក់នៅបណ្តោះអាសន្ន” ។ លោក Prayut បានលើកឡើងថា លោក Rajapaksa មិនអាចចូលរួមក្នុងសកម្មភាពនយោបាយណាមួយ ពេលនៅក្នុងប្រទេសថៃឡង់ដ៏ បានទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា