ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អំពាវនាវឱ្យមាន បេសកកម្មអន្ដរជាតិ ដើម្បីវាយតម្លៃការគំរាមកំហែង ដល់រោងចក្រថាមពល នុយក្លេអ៊ែរ Zaporizhzhia

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យ មានបេសកកម្មអន្តរជាតិមួយ ទៅកាន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ដើម្បីវាយតម្លៃការគំរាមកំហែង ដល់សុវត្ថិភាពនុយក្លេអ៊ែរ។

លោក Kuleba បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំបានអំពាវនាវ ឱ្យបេសកកម្មអន្តរជាតិមួយ ត្រូវបានបញ្ជូនទៅ Zaporizhzhia NPP ក្រោមការដឹកនាំរបស់ទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ (IAEA) “ខ្ញុំបានស្នើឱ្យរួមបញ្ចូល អ្នកជំនាញយោធា របស់អង្គការសហប្រជាជាតិ នៅក្នុងនោះ”។

លោករដ្ឋមន្ត្រីបានលើកឡើងថា លោកបានផ្ញើលិខិតផ្លូវការ ទៅកាន់អគ្គនាយក IAEA លោក Rafael Grossi និងអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ដោយស្នើសុំឱ្យដាក់ ពង្រាយបេសកកម្មនេះ។

លោក Kuleba បានបន្ដថា ទីក្រុងគៀវ ទទូចថាបេសកកម្មត្រូវបានរៀបចំ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ហើយទៅដល់រោងចក្រ ដែលបច្ចុប្បន្នស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី តាមរយៈទឹកដីអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top