ជុំវិញករណីដែលលោក Joe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》 នៅពេលថ្មីៗកន្លងទៅនេះ មតិមហាជនអាមេរិកបាននាំគ្នាសម្តែងថា គ្នានសុទិដ្ឋិនិយមអីនោះទេ ។ កាសែត《The New York Times》 បានបង្ហាញថា មើលទៅសេចក្តីព្រាងច្បាប់នេះមានមហិច្ឆតាខ្លាំងណាស់ ប៉ុន្តែប្រហែលពិបាកទទួលបានប្រសិទ្ធភាពក្នុងពេលច្រើនឆ្នាំខាងមុខទេ ។
ហេតុអ្វីបានជាសេចក្តីព្រាងច្បាប់ដែលមានចំនួនជាង១ពាន់ទំព័រនេះត្រូវបានគេសង្ស័យជាទូទៅ?ពីព្រោះវាខុសប្រក្រតីទាំងខ្លឹមសារនិងគោលដៅ។ ខ្លឹមសារសំខាន់របស់វាមានបីចំណុច គឺ ទីមួយ ផ្តល់ការគាំទ្រជាទឹកប្រាក់ចំនួន៥ម៉ឺន២ពាន់៧រយលានដុល្លារអាមេរិកដល់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង ទីពីរ លុបចោលពន្ធដារ២៥ភាគរយដែលមានទំហំប្រហែល២ម៉ឺន៤ពាន់លានដុល្លារអាមេរិកចំពោះសហគ្រាសដែលបានវិនិយោគលើវិស័យនេះ ទីបី ទម្លាក់ថវិកាប្រហែល២សែនលានដុល្លារអាមេរិកសម្រាប់គាំទ្រវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខ ដូចជាភាពវៃឆ្លាតសិប្បនិម្មិត មនុស្សយន្តនិងការគណនាQuantum ជាដើម ។ តាមរយៈវិធានការទាំងនេះ សហរដ្ឋអាមេរិកនឹងទាក់ទាញសហគ្រាសទៅកសាងរោងចក្រនៅសហរដ្ឋអាមរិក ជំរុញឱ្យមុខរបរផលិតបន្ទះឈីបកម្រិតជឿនលឿនដែលមានខ្នាតតូចជាង២៨ Nanometer ប្រមូលផ្តុំនៅសហរដ្ឋអាមេរិក ដើម្បីរក្សាអនុត្តរភាពខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ។
មជ្ឈដ្ឋានខាងក្រៅបានសម្គាល់ឃើញថា សេចក្តីព្រាងច្បាប់នេះក៏បានកំណត់ថា សហគ្រាសដែលទទួលបានការឧបត្ថម្ភពីអាមេរិកមិនអាចធ្វើការលក់ដូរធំៗណាមួយនិងវិនិយោគទៅលើមុខរបរផលិតបន្ទះឈីបកម្រិតជឿនលឿនជាមួយប្រទេសចិនឬក៏ប្រទេសផ្សេងទៀតដែលគួរឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភ ។ អ្វីដែលហៅថា មាត្រា “ការពារ”ទាំងនេះ ព្រមទាំងបានសំដៅចំពោះប្រទេសចិនដោយផ្ទាល់ បានបង្ហាញពីទុក្ខកង្វល់ជាយុទ្ធសាស្ត្ររបស់អាមេរិកដែលពិបាកទប់ស្កាត់បាន ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសមួយចំនួនដូចប្រទេសចិនជាដើមបានបន្តទទួលការវិវឌ្ឍលើមុខរបរផលិតវត្ថុពាក់កណ្តាលចម្លងជាបន្តបន្ទាប់ ដែលនាំឱ្យសហរដ្ឋអាមេរិកកើតមានក្ដីព្រួយបារម្ភ ។ សេចក្តីព្រាងច្បាប់នេះបង្ខំឱ្យសហគ្រាសបន្ទះឈីបជ្រើសរើសឈរនៅម្ខាងជាមួយអ្នកណា គឺមានគោលបំណងបង្កឧបសគ្គចំពោះការអភិវឌ្ឍឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងរបស់ប្រទេសចិនជាដើម និងបង្កើនឋានៈឧត្តមភាពរបស់សហរដ្ឋអាមេរិកក្នុងមុខរបរផលិតបន្ទះឈីប ។ នេះក៏ជាមូលហេតុកាន់តែជ្រាលជ្រៅដែលភាគីអាមេរិកដាក់ចេញសេចក្តីព្រាងច្បាប់នេះ ។
ក្រៅពីនេះ បើនិយាយចំពោះសហគ្រាសបន្ទះឈីបនៅក្រៅសហរដ្ឋអាមេរិក សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រចង់រៀបចំឱ្យឧស្សាហកម្មផលិតបន្ទះឈីបរបស់សម្ព័ន្ធមិត្តចូលក្នុងសហរដ្ឋអាមេរិកបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីច្រានចោលគូប្រជែង ។ ប៉ុន្តែ តាមការពិត សហគ្រាសដែលនឹងរងការគំរាមកំហែងមុនគេបង្អស់គឺសហគ្រាសរបស់សម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាក្រុមហ៊ុន SAMSUNG ជាដើម ។
តាមការប៉ាន់ប្រមាណរបស់ស្ថាប័នវាយតម្លៃ ដូចជាក្រុមហ៊ុនប្រឹក្សាយោបល់ Boston ជាដើមបានឱ្យដឹងថា ប្រសិនបើក្រុងវ៉ាស៊ីនតោនអនុវត្តគោលនយោបាយ “បង្ខំឱ្យផ្តាច់ទំនាក់ទំនងជាមួយចិនលើវិស័យបច្ចេកទេស” នោះ ប្រហែលនឹងបង្កបញ្ហាដល់ប្រទេសចិនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែសហគ្រាសវត្ថុពាក់កណ្តាលចម្លងរបស់សហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ។ តាមការប៉ាន់ប្រមាណ សហគ្រាសអាមេរិកនឹងបាត់បង់ចំណែកទីផ្សារសកល១៨ភាគរយនិងប្រាក់ចំណូល៣៧ភាគរយ ព្រមទាំងនឹងកាត់បន្ថយឱកាសការងារបច្ចេកវិទ្យាខ្ពស់ចំនួនពី១ម៉ឺន៥ពាន់ដល់៤ម៉ឺនកន្លែង ។
ពេលវេលានឹងបញ្ជាក់ថា អាមេរិកបង្ករឿងហេតុដល់គូប្រជែង បង្កហានិភ័យក្នុងខ្សែសង្វាក់ឧស្សាហកម្មបន្ទះឈីបនៅទូទាំងពិភពលោកនិងប្រឌិតឧបសគ្គក្នុងការអភិវឌ្ឍរបស់ឧស្សាហកម្មបន្ទះឈីបពិភពលោក ប្រការទាំងនេះមុខជានឹងនាំមកនូវផលប៉ះពាល់ដល់អាមេរិកវិញជាមិនខាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន