ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ផ្ដើមពិនិត្យលើសំណើ របស់សហភាពអឺរ៉ុប ដើម្បីស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

តេអេរ៉ង់៖ គេហទំព័រ Noor News របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំនាញអ៊ីរ៉ង់ បានចាប់ផ្តើមពិនិត្យឡើងវិញនូវសំណើរបស់សហភាពអឺរ៉ុប ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ទាប់ពីគណៈប្រតិភូអ៊ីរ៉ង់ បានត្រឡប់មកពីទីក្រុងវីយែនវិញ។

របាយការណ៍នេះបានឲ្យដឹងថា “មិនទាន់មានកិច្ចប្រជុំកម្រិតខ្ពស់ណាមួយត្រូវបានធ្វើឡើង ដើម្បីពិនិត្យឡើងវិញនូវគំនិតរបស់អ្នកសម្របសម្រួលសហភាពអឺរ៉ុបនៅទីក្រុងតេអេរ៉ង់នោះទេ” ដោយបន្ថែមថាលទ្ធផលបឋមនៃការត្រួតពិនិត្យកម្រិតអ្នកជំនាញនឹងត្រូវបានបង្ហាញដល់ស្ថាប័នធ្វើការសម្រេចចិត្តពាក់ព័ន្ធ សម្រាប់ការសម្រេចចិត្តជាចុងក្រោយ។

សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានដាក់បញ្ជូនអត្ថបទចុងក្រោយនៃសេចក្តីសម្រេចសេចក្តីព្រាងស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្តផ្នែកនយោបាយពីអ្នកចូលរួមកិច្ចចរចានៅទីក្រុងវីយែន។

កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនា ដោយសារភាពខុសគ្នាខាងនយោបាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។

ជុំចុងក្រោយនៃកិច្ចចរចាដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការផ្អាករយៈពេល ៥ខែបានឈានដល់ទីបញ្ចប់កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ការប្តេជ្ញាចិត្តមួយចំនួននៅក្រោមកតិកាសញ្ញានេះ៕ប្រែសម្រួល ឈូក បូរ៉ា

To Top